៩ខែ មានក្មេងទំនើង និងជនងប់ល្បែង ជាង២ពាន់នាក់ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ!

0
2

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្រ្កាបក្រុមក្មេងទំនើង សរុបចំនួន ៧៨១ករណី ឃាត់ខ្លួនមនុស្សសរុបចំនួន ២.៧៩២នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ឱ្យដឹងថា ក្នុងចំណោមនោះ មានក្មេងទំនើង១.៨៥៥នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។

ចំណែកករណីល្បែងស៊ីសងវិញ នា៩ខែដូចគ្នានោះ សមត្ថកិច្ចតាមមូលដ្ឋាន បង្រ្កាបបានចំនួន៤៣៣ករណី ឃាត់ខ្លួនជនងប់ល្បែង សរុប១.២៩៤នាក់។

បើតាមលោក ទូច សុឃៈ ក្នុងចំណោមនោះ មានជនងប់ល្បែង ៤៨៥នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី -ខេត្ត។ ដូចគ្នានឹងករណីក្មេងទំនើងដែរ គឺសល់ពីនេះ សមត្ថកិច្ចបានអនុវត្តវិធានការអប់រំ និងធ្វើកិច្ចសន្យា។

បើគិតពីថ្ងៃអនុវត្តបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពោលគឺចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល បង្ក្រាបក្រុមក្មេងទំនើង សរុប១.៥៨១ករណី ឃាត់ខ្លួនមនុស្សចំនួន ៥.៩៥៤នាក់។ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចធិបតី និងអនុវត្តតាមច្បាប់ដ៏រឹងមាំរបស់ជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំពុងបង្កើនការយកចិត្តទុកដាក់ជាប្រចាំ ទាំងក្នុងភារកិច្ចដឹកនាំបញ្ជាបង្ការ ទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង ព្រមទាំងបោសសម្អាតល្បែងសុីសងគ្រប់ប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here