ភ្នំពេញ៖ ម្តងហើយម្តងទៀត ក្រោយពីកើតជម្លោះពាក្យសម្តីរវាងគ្រូបង្វឹកជម្រើសជាតិ និងកីឡាករផ្ទាល់រហូតដល់ការប្រកួតធំៗ ជាច្រើនលើឆាក អន្តរជាតិនៅតែមិនអាចមើលឃើញវត្តមានកីឡាកររូបនេះចូលលេងនៅឡើយ ដោយមានហេតុផលមួយដ៏សំខាន់ ដែលប្រភពមួយបញ្ជាក់យ៉ាងច្បាស់ ។
ច្បាស់ណាស់ ប្រិយមិត្តជាច្រើន ចង់ឃើញចង់ដឹងថា កីឡាករ CV11 នឹង អាចចូលរួមលេង ឲ្យក្រុមជម្រើសជាតិវិញ ក្នុងពេលដ៏ខ្លីខាងមុខ ជាពិសេស ការប្រកួតកន្លងៗមក ប៉ុន្តែផ្ទុយស្រលះ កីឡាករ ដែលប្រិយមិត្តចាត់ទុកជាអ្នកប្រយុទ្ធឆ្នើមនៅតែមិនអាចទៅរួច បើទោះបីជាគ្រូបង្វឹកសញ្ជាតិអាហ្សង់ ទីន និងលោក ភា សុភក្ត្រា ព្យាយាមតាមដានទម្រង់លេង របស់កីឡាករនោះក្តី ។
កន្លងទៅ គ្រូបង្វឹក Felix និងគ្រូជំនួយជនជាតិខ្មែរ ខាងលើ ក៏បានព្យាយាមតាមដាននៃការវិត្តន៍របស់ CV11 ប៉ុន្តែនៅតែមិនអាច ទាក់ចិត្តកីឡាកររូបនេះ ឲ្យចូលរួមក្នុងជម្រើសជាតិវិញ បាននោះទេ ។ ប្រភពបានបញ្ជាក់យ៉ាងច្បាស់ថា ហេតុផលសំខាន់តែមួយនោះទេ គឺសាមីខ្លួន ពោលគឺ ចាន់ វឌ្ឍនាកា ខ្លួនឯង មិនចូលរួមលេងជាមួយក្រុមជម្រើសជាតិ តែប៉ុណ្ណោះ មិនមែន ដោយសារគ្រូជម្រើសជាតិមិនជ្រើសរើសនោះទេ ។
ប្រភពបន្តថា ម្យ៉ាងវិញទៀត កីឡាករ ចាន់ វឌ្ឍនាកា ទម្រង់លេងរបស់គាត់ បានប្រែប្រួលហើយ មិនដូចមុននោះទេ ការប្រែប្រួលនោះ ដោយសារតែគាត់ផ្ទាល់ខ្លួន មិនព្យាយាមហ្វឹក ហាត់តែប៉ុណ្ណោះ ដោយយកភាពសប្បាយរីករាយជាធំ ។
ថ្វីបើប្រភពបានបញ្ជាក់យ៉ាងដូច្នោះ ក៏ប៉ុន្តែយើងនៅតែមិនអាចទាន់សុំការបញ្ជាក់ពីសាមីខ្លួនបាននៅឡើយ ជុំវិញព័ត៌មានមិនបង្ហាញខ្លួនក្នុងក្រុម ជម្រើសជាតិ ហើយយើងស្វាគមន៍ជានិច្ចនូវការបំភ្លឺជុំវិញការលើកឡើងខាងលើ ៕