ភ្នំពេញ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Andrea Primicerio ភ្នាក់ងារពិភពលោក និងជានាយកក្រុមហ៊ុន Klassics Music Management Limited លើគម្រោងរៀបចំការប្រគំតន្រ្តីដ៏ធំ និងលំដាប់អន្តរជាតិរបស់តារាចម្រៀងពិភពលោកដ៏ល្បីល្បាញ គឺលោក Andrea Bocelli នៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញលោក Andrea Primicerio និងក្រុមការងារ មកពិនិត្យផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចពិត កត្តាសុខសន្តិភាព សុវត្ថិភាពផ្តល់ដល់ភ្ញៀវទេសចរ និងសក្តានុពលទេសចរណ៍នៅកម្ពុជា៕












