កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៩និងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសស្វីស

0
7

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយ លោក Guy Parmelin ជា Federal Councilor នៃប្រទេសស្វីស តាមប្រព័ន្ធវីដេអូ (Video Conference) ។

យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាលទ្ធផលកិច្ចប្រជុំមានដូចខាងក្រោម៖
១) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៩
កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់អំពីការរកឃើញដំបូង និងអនុសាសន៍នៃរបាយការណ៍បឋមពិនិត្យមើលឡើងវិញពាក់កណ្តាលអណត្តិនៃផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ក្របខណ្ឌស្តាសេដ្ឋកិច្ចឡើងវិញគ្រប់  ជ្រុងជ្រោយរបស់អាស៊ាន (ឯកសារទាំងពីរនេះ នឹងត្រូវសម្រេចចេញផ្សាយនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧) និងបដិវត្តន៍ឧស្សាហកម្មទី៤។

ចំពោះរបាយការណ៍បឋមពិនិត្យមើលឡើងវិញពាក់កណ្តាលអណត្តិ នៃផែនការមេសហគមន៍សេដ្ឋកិច្ច        អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំបានកត់សម្គាល់ឃើញថា ទោះបីជាមានការវិវត្តន៍រីកចម្រើនច្រើន ចំពោះការ    អនុវត្តន៍ផែនការការងារផ្សេងៗតាមវិស័យ ប៉ុន្តែនៅមានបញ្ហាមិនទាន់ដោះស្រាយបានជាច្រើនទាក់ទងនឹង    ការគាំទ្រមីក្រូសហគ្រាសធុនតូច និងមធ្យម និងកិច្ចសម្រួលពាណិជ្ជកម្មជាដើម ដែលបញ្ហានេះទាមទារ អោយប្រទេសសមាជិកអាស៊ានទាំងអស់ខិតខំរួមគ្នា ចាត់វិធានការអោយកាន់តែសកម្មជាងមុនក្នុងការពន្លឿនការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវចំណុចសេសសល់នានា ដើម្បីអាចសម្រេចបាននូវគោលដៅ              សមាហរណកម្មសេដ្ឋកិច្ចតំបន់។

ចំពោះក្របខណ្ឌស្តាសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានស្វាគមន៍ក្របខណ្ឌស្តាសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្តនៃក្របខណ្ឌនេះ ព្រមទាំងបានណែនាំអោយក្រុមការងារតាមវិស័យ ចូលរួមចំណែកក្នុងការអនុវត្តអោយមានប្រសិទ្ធិភាព។
ចំពោះបដិវត្តន៍ឧស្សាហកម្មទី៤ រដ្ឋមន្ត្រីអាស៊ានបានកត់សម្គាល់ពីវឌ្ឍនភាពនៃការបង្កើតយុទ្ធសាស្ត្ររួម        ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤ សម្រាប់អាស៊ាន។

២) កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសស្វីសកិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈ និងការឆ្លើយតបលើកូវីដ-១៩ នៅក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ ពាណិជ្ជកម្មរវាងអាស៊ាន និងស្វីស            នៅក្នុងឆ្នាំ២០១៩ បានឈានដល់ ២៥ពាន់លានដុល្លា រីឯវិនិយោគផ្ទាល់ពីបរទេសបានហូរចូលក្នុងអាស៊ាន          មានចំនួន ៣,៦ ពាន់លានដុល្លា។

កិច្ចប្រជុំបានស្នើអោយអាស៊ាន និងស្វីស ពង្រឹងបន្ថែមទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈការអនុវត្ត            កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្រោម ASEAN-Switzerland Sectoral Dialogue Partnership Practical Cooperation Area 2017-2021។ កិច្ចប្រជុំបានពិភាក្សាលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក កម្មសិទ្ធិបញ្ញា និង ការផ្លាស់ប្តូរព័ត៌មានអំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និង សមាគមពាណិជ្ជកម្មសេរីអ៊ឺរ៉ុប (ASEAN-EFTA) ដែលបន្ថែមលើកិច្ចសហប្រតិបត្តិការដែលបានស្នើឡើងចំនួន៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here