នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្តអំពាវនាវដល់ពលរដ្ឋ ចូលរួមសហការ រាយការណ៍មកសមត្ថកិច្ច តាមរយៈលេខ Hotline ៦៧០ ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន

0
4

ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការរាយការណ៍ពីទីតាំងសង្ស័យ លួចលាក់កែច្នៃផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពឲ្យសមត្ថកិច្ចធ្វើការបង្ក្រាប ខណៈថ្មីៗនេះកើតមានករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះសម្បែងដល់ផ្ទះអ្នកដទៃ និងបានធ្វើឲ្យមនុស្សស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មផងដែរ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ឲ្យបានដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ការដុតបំផ្លាញផ្ទះសម្បែង និងបទល្មើសមួយចំនួន គឺកើតឡើងដោយសារការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ព្រោះថាគ្រឿងញៀនដែលកំពុងធ្វើការរាតត្បាតសព្វថ្ងៃភាគច្រើនជាគ្រឿងញៀនសំយោគ ដែលធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធប្រសាទយ៉ាងធ្ងន់ធ្ងរ ។

ឆ្លៀតក្នុងកាសនេះ ឯកឧត្ដមនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា តាមរយៈលេខ Hotline ៦៧០ (ខលមិនគិតកម្រៃ) និង 093 456 888 / 011 24 8888 ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាប។ 

បន្ថែមពីលើនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានគូសបញ្ជាក់ថា ក្នុងអាណត្តិថ្មីរាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហាចំបង ជាមួយគ្នានេះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានពង្រឹងការសហការជាមួយស្នងការដ្ឋានរាជធានី-ខេត្ត ក្នុងការបង្ក្រាប, បង្ការទប់ស្កាត់ការរីករាលដាលនៃបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ ដោយធ្វើការបង្ក្រាបអោយដល់ប្ញសគល់។

ទន្ទឹមនឹងនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន ករណីធំៗជាច្រើន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស រួមទាំងធ្វើការបង្ក្រាបក្លឹបកម្សាន្ត ដែលលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពីស្រទាប់យុវវ័យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here