គួរតែដឹង និងស្វែងយល់! សញ្ញាសំខាន់ៗមួយចំនួន ដែលបង្ហាញថា អ្នកមានជំងឺធ្លាក់ទឹកចិត្ត!

0
8

ភ្នំពេញ៖ ការមានអារម្មណ៍សោកសៅមួយរយៈខ្លី ហើយបាត់ទៅវិញក្នុងរវាងពីរបីម៉ោងទៅពីរបីថ្ងៃ មិនមែនជាជំងឺធ្លាក់ទឹកចិត្តនោះទេ។ ក៏ប៉ុន្តែ ពេលខ្លះអារម្មណ៍សោកសៅអាចមានកម្រិតខ្លាំង និងយូរលើសពី ២សប្ដាហ៍ ហើយធ្វើឲ្យរំខានដល់ការងារ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃទៀតផង។ ស្ថានភាពបែបនេះ គេហៅថាជំងឺធ្លាក់ទឹកចិត្ត។ នេះបើយោងតាមហ្វេសប៊ុក មន្ទីរពេទ្យកាល់ម៉ែត្រ។

អ្នកជំងឺធ្លាក់ទឹកចិត្តច្រើន មានរោគសញ្ញាសំខាន់ៗរួមមាន៖
– មានអារម្មណ៍សោកសៅ
– លែងចង់ធ្វើអ្វី
– អស់កម្លាំងជាប់ជាប្រចាំ

ក្រៅពីនេះ អ្នកជំងឺធ្លាក់ទឹកចិត្ត ក៏អាចមានអាការៈមួយចំនួនទៀតដូចជា៖
– លែងមានជំនឿជាក់លើខ្លួនឯង
– មានអារម្មណ៍បន្ទោសខ្លួនឯង ស្អប់ខ្លួនឯង គិតថាជីវិតគ្មានន័យ ឬគិតដល់ការសម្លាប់ខ្លួន
– រសេសរសោះ ឬអាចទៅជានិយាយស្ដី ឬធ្វើសកម្មភាពយឺតៗ
– ពិបាកផ្ចង់អារម្មណ៍
– ភ្លេចភ្លាំងច្រើន
– ពិបាកគេងលក់
– គេងឆាប់ភ្ញាក់ ឬអាចទៅជាចេះតែចង់គេង
– មិនឃ្លានអាហារ ឬអាចទៅជាញ៉ាំច្រើនខុសពីធម្មតាក៏មាន

សូមចងចាំថា ការមានជំងឺធ្លាក់ទឹកចិត្ត មិនមែនមានន័យថាអ្នកទន់ខ្សោយ ឬខ្ជិលច្រអូសនោះទេ។ វាជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ដូចគ្នានឹងជំងឺលើសឈាម ទឹកនោមផ្អែម ឬរលាកសន្លាក់ដែរ។ ថ្វីបើវាអាចជាឃាតករលាក់មុខ ដែលអាចឆក់យកជីវិតយើងបានក្ដី តែជំងឺធ្លាក់ទឹកចិត្ត អាចព្យាបាលបានប្រកបដោយប្រសិទ្ធភាព។

“ប្រសិនបើលោក លោកស្រី សង្ស័យថាលោក លោកស្រី ឬមនុស្សដែលលោក លោកស្រីស្គាល់ មានជំងឺធ្លាក់ទឹកចិត្ត សូមអញ្ជើញមកទទួលការពិគ្រោះ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here