ប្រមុខរាជរដ្ឋាភិបាល មិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទកោះកេរ

0
3

ភ្នំពេញ៖ តាមរយៈសារលិខិតអបអរ ក្នុងឱកាសខួប ១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីដល់គ្រប់ភាគីពាក់ព័ន្ធ មិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រានយកដីខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការរុករក និងការជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទកោះកេរ សម្រាប់ ជាប្រយោជន៍ដល់ការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពប្រជាជននៅក្នុងមូលដ្ឋាន.

សម្ដេចធិបតី បានធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិ និងអន្តរជាតិ បានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារ ជម្នះ គ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណជាពិសេសផងដែរ ចំពោះមិត្តភក្តិអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងឥស្សរជន ទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលជាអតីត រាជធានីខ្មែរក្នុងសម័យអង្គរដ៏រុងរឿង កសាងដោយព្រះបាទជ័យវរ្ម័នទី៤។ រមណីយដ្ឋាននេះ បានបន្សល់ទុកនូវប្រាង្គ ប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុងនិងប្រព័ន្ធធារាសាស្ត្របុរាណ ដែលចាំបាច់ត្រូវការពារ អភិរក្ស សិក្សាស្រាវជ្រាវ និងលើកតម្លៃឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here