ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ផ្ដល់ការគាំទ្រ និងផ្ដល់គោលការណ៍ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចូលរួមសហការឱ្យបានជិតស្និទជាមួយមន្រ្តីសុខាភិបាលក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
តាមរយៈលិខិតចុះហត្ថលេខានៅថ្ងៃទី២៧ ខែមីនានេះ សម្ដេចក្រឡាហោម បានជម្រាបជូន អភិបាលនៃគណៈ អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលបានដាក់ចេញប្រកាសអន្តរក្រសួងលេខ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សម្ដេចបន្តថា ទន្ទឹមនេះ ក្រសួងសុខាភិបាលក៏បានដាក់ចេញប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ពាក់ព័ន្ធនឹងការងារនេះ ហើយផ្អែកតាមសំណើរបស់ក្រសួងសុខាភិបាល និងដើម្បីចូលរួមសហការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យមានប្រសិទ្ធភាព សម្ដេចក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្តល់ការគាំទ្រ និងគោលការណ៍ណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចូល រួមសហការឲ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាលក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
នៅក្នុងការចាត់ចែងអនុវត្តការងារជាក់ស្តែង ប្រសិនបើមានជួបការលំបាក ឬបញ្ហាប្រឈមណាមួយ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ជូនក្រសួងសុខាភិបាល និងចម្លងជូនក្រសួងមហាផ្ទៃ ជាបន្ទាន់៕