ចាប់ខ្លួន​បុរស​ម្នាក់​ ករណីរួម​ភេទ​ជាមួយក្មេង​ស្រី​ជា​អនីតិជន​

0
9

ភ្នំពេញ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ ចាប់​ឃាត់ខ្លួន​នៅ​ភូមិ​ខ្វាវ​ ឃុំ​បុ​ស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២១​ ពី​បទ​ រួម​ភេទ​ជាមួយ​អនីតិជន​។​

​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹង​ថា​៖​ នៅ​ថ្ងៃ​ទី​១៧​ខែកក្កដា​ ឆ្នាំ​២០២១​ ឈ្មោះ​ ម៉ាក​ ខាន់​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ប៉ោយ​តា​ប៉ែន​ ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រះនេត្រព្រះ​ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ថា​ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ នា​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២១​ គាត់​​បាត់​ចៅស្រី​ឈ្មោះ​ខ​.​ល​.​ត​ អាយុ​១៣​ឆ្នាំ​នៅផ្ទះ​ជាមួយ​។​ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែកក្កដា​ឆ្នាំ​២០២១​ គាត់​បាន​ទៅ​រក​ចៅស្រី​ ឃើញ​នៅ​នឹង​ផ្ទះ​ឈ្មោះ​ ព្រួញ​ មក​រា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ខ្វាវ​ ឃុំ​បុ​ស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ហើយ​នាំ​ចៅ​មក​ផ្ទះ​វិញ​ ។​ តាម​ការ​សាកសួរ​ចៅស្រី​គាត់​ប្រាប់​ថា​ នៅ​យប់​នោះ​ដេក​នៅផ្ទះ​ឈ្មោះ​ ព្រួញ​ មក​រា​ ត្រូវ​បាន​ឈ្មោះ​មក​រា​ រួម​ភេទ​ជាមួយ​បាន​សម្រេចចំនួន​២​លើក​។​

​លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ពី​ជីតា​ និង​ស្តាប់​ការ​បំភ្លឺ​របស់​ក្មេង​ស្រី​រង​គ្រោះ​ កម្លាំង​នគរបាល​ស្រុក​បាន​ចុះ​ទៅ​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ​ ព្រួញ​ មក​រា​ យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ នៅ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២១​។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ដោយ​ផ្អែក​លើ​បណ្តឹង​របស់​ជីតា​ក្មេង​ស្រី​រង​គ្រោះ​និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ ឈ្មោះ​ ព្រួញ​ មក​រា​ គឺ​ពិតជា​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ជា​អនីតិជន​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here