បន្ទាប់ពីភ្នំពេញ បន្ទាយមានជ័យ ជាខេត្តទី២ ដែលរៀបចំដាក់ឲ្យមានការថែទាំព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

0
7

ភ្នំពេញ៖ តាមអនុសាសន៍ណែនាំ យកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការជាមួយគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបចំ ដាក់ឲ្យដំណើរការ ថែទាំ ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។

នាថ្ងៃសៅរទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំផ្ទាល់ដោយលោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងអភិបាលរងខេត្តក្រុមការងារ មន្ទីរសុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរក្រុង/ស្រុកទាំង៩ ចូលរួមវគ្គបណ្តុះបណ្តាល’’នីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ’’ តាមប្រព័ន្ធ ZOOM ក្រោមការដឹកនាំសម្របសម្រួលរបស់ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ថ្ងៃនេះដោយបានគោលការណ៍ឯកភាព ពីក្រសួងសុខាភិបាល ក្រោមការសម្របសម្រួលពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដំណើរការវគ្គបណ្តុះបណ្តាលនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដើម្បីឈានទៅដល់ការដំណើរការ នាពេលខាងមុខនេះ។

ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានប្តេជ្ញាខ្ពស់ ក្នុងការសម្របសម្រួលដឹកនាំ ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ តាមផ្ទះនេះឲ្យបានជោគជ័យ ក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំរួចហើយលក្ខណៈតាមការណែនាំ រៀបចំក្រុមការងារប្រចាំការងារ ខេត្ត និងជាក្រុមតាមស្រុក/ក្រុង និងក្រុមប្រចាំការ Hot line និងក្រុមគ្រូពេទ្យ ។ ជាជំហ៊ានដំបូងនេះ រដ្ឋបាលខេត្តនឹងដាក់ឲ្យដំណើរការ ថែទាំ ព្យាបាលតាមផ្ទះ ចំពោះក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។

លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់តាមប្រព័ន្ធ Zoom ថា ការប្រកាសឲ្យប្រើប្រាស់ការ ថែទាំ ព្យាបាលតាមផ្ទះ មានសារៈសំខាន់ណាស់ ក្នុងការជួយដោះស្រាយការលំបាករបស់អាជ្ញាធរ ទាំងការកាត់បន្ថយការចំណាយ តាមអនុសាសន៍ណែនាំ យកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ង៉ូវ កាង បានគូសបញ្ជាក់ទៀតថា ក្រុមការងារទាំងអស់ទាំងគ្រូពេទ្យ មន្ទីរសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយស្មារតីប្រុងប្រយ័ត្ន នៅពេលអនុវត្តន៍កិច្ចការនេះ ។ តាមរយៈវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ គ្រូឧទ្ទេសធ្វើបទបង្ហាញលម្អិតពីនីតិវិធីប្រ តិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំង និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here