ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់កម្លាំងនគរបាលជាតិ ទាំងអស់បន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
សម្ដេចអំពាវនាវបែបនេះធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ នាព្រឹកថ្ងៃទី៦ ខែសីហាឆ្នាំ២០២១នេះ។
នាឱកាសនោះដែរ សម្ដេចស ខេង បានមានប្រសាសន៍ផ្ដាំផ្ញើនិងណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តថា ត្រូវប្រើប្រាស់រថយន្ដនេះឱ្យត្រឹមត្រូវបំផុត និងថែទាំរថយន្ដឱ្យប្រើប្រាស់យូរ អង្វែង ក្នុងការបំពេញបេសកម្មជូនប្រជាពលរដ្ឋ។
សម្ដេច បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ដល់កម្លាំងនគរបាលជាតិ។
សម្ដេចបន្ដថា បញ្ហានេះដោយសារមានចាំបាច់ក្នុងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះហើយទើប សម្ដេចសម្រេចរៀបចំពិធីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលខេត្តនាពេលនេះ ដើម្បីឱ្យសមត្ថកិច្ចយកទៅបំពេញការងាររបស់ខ្លួន ជាពិសេសនោះបម្រើប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម បានកោតសសើរចំពោះកម្លាំងនគរបាលជាតិទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា បានចូលរួមរំលែកទុក្ខចំពោះកម្លាំងនគរបាល បានពលីជីវិតក្នុងបេសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ក៏ដូចជាចូលរួមរំលែកទុក្ខដល់ក្រុម គ្រួសារសពមន្ដ្រីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃដែលទទួលមរណៈ ភាពដោយជំងឺកូវីដ-១៩។
ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេទាំងនៅប្រទេសកម្ពុជា និងពិភពលោក ដូច្នេះ កម្លាំងនគរបាលជាតិទាំងអស់បន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បន្ថែមទៀត។
សូមរំលឹកថា គិតចាប់ឆ្នាំ២០១៩មក សម្តេចក្រឡាហោម ស ខេង បានផ្តល់អំណោយដ៏ថ្លៃថ្លានូវរថយន្ត Pick-Up ចំនួន៤លើក សរុប១៥៨គ្រឿងជូនដល់អង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិរួមកហើយ៕