កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា

0
7

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់៧ ខែកញ្ញា ឆ្នាំ២០២១ ដោយបញ្ជាក់ថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី២ ដល់ ៤ និង ថ្ងៃទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។

ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ពីកម្រិត មធ្យមទៅច្រើន លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយតំបន់ខ្លះអាចនឹងមានជំនន់ទឹកភ្លៀង។

សម្រាប់ខេត្តជាប់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើន លាយឡំ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រនឹងអាចកើតមានឡើង ក្នុងកម្រិតធម្យម។

ជាមួយគ្នានេះក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here