ស៊យនោះ! គ្រាន់តែឡើងម៉ូតូហើយបញ្ឆេះ ម្ចាស់មកទាន់ ហៅសមត្ថកិច្ចវៃខ្នោះ

0
8

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើយោងតាមការឆ្លើយបំភ្លឺ របស់ដើមបណ្ដឹងឈ្មោះ វង់ ឈុននី ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះ លោកបានចាត់តាំង កម្លាំងឱ្យចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនបុរសនោះ មកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ហេង ថា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនគេពិត ជាមានចេតនាលួចយកម៉ូតូ របស់ជនរងគ្រោះខាងលើទៅលក់ យកលុយពិតប្រាកដមែន ។តែខ្លួនគ្រាន់តែឡើងជិះម៉ូតូហើយបញ្ឆេះស្រាប់តែម្ចាស់ម៉ូតូមកទាន់ ហើយទូរស័ព្ទ ហៅសមត្ថកិច្ច មកឃាត់ខ្លួនតែម្ដង។

ដោយផ្អែកលើសកម្មភាពជាក់ស្ដែង និងចម្លើយសារភាព របស់ជនសង្ស័យ និងមានសាក្សីនៅកន្លែងកើតហេតុជាច្រើនផងនោះ ទើបកម្លាំងជំនាញ ព្រហ្មទណ្ឌមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលកម្លាំងចុះឃាត់ខ្លួន ជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល នីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here