ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃអង្គារនេះ ក្រុមហ៊ុន Microsoft ទើបតែដាក់ចេញការ ធ្វើបច្ចុប្បន្នភាពប្រចាំខែកញ្ញា របស់ពួកគេដែលគេនិយម ហៅឈ្មោះថា Patch Tuesday។ សម្រាប់ការធ្វើបច្ចុប្បន្នភាពខែនេះ ក្រុមហ៊ុនបានធ្វើការកែសម្រួល ភាពចន្លោះប្រហោងចំនួន ៦០ ដែលរួមមាន បញ្ហាទាក់ទងទៅនឹង Remote Code Execution ដែលអាចឱ្យជនខិលខូច វាយលុកកុំព្យូទ័រ អ្នកប្រើប្រាស់ពីចម្ងាយបាន។
កម្មវិធីដែលមានភាពប៉ះពាល់ ក្នុងការធ្វើបច្ចុប្បន្នភាពនេះ មានរួមមានកម្មវិធី Azure Open Management Infrastructure, Azure Sphere, Office Excel, PowerPoint, Word, and Access; the kernel, Visual Studio, Microsoft Windows DNS និង BitLocker។
គួរបញ្ជាក់ផងដែរថា ក្នុងការធ្វើបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនក៏បានធ្វើការកែសម្រួល ភាពចន្លោះប្រហោងដែល មានលេខសម្គាល់ CVE-2021-40444 ដែលនាយកដ្ឋានបានផ្សព្វផ្សាយ កាលពីសប្តាហ៍កន្លងទៅ។ ទាក់ទងទៅនឹងបញ្ហានេះក្រុមហ៊ុន Microsoft បានផ្សព្វផ្សាយព្រមាន អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន ជាមួយនឹងការវាយប្រហារ តាមរយៈឯកសារប្រភេទ .DOCX ដែលអាចឱ្យជនខិលខូច ជ្រៀតចូលទៅក្នុងកុំព្យូទ័រ របស់អ្នកប្រើប្រាស់បានពីចម្ងាយ។
ដើម្បីការពារសុវត្ថិភាព ក្នុងការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ទាំងអស់ ធ្វើបច្ចុប្បន្នភាពទៅលើកុំព្យូទ័រ របស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ ៕













