ស្វែងយល់ពីដីចំណីផ្លូវ និងលម្អិតពីទោសនៃការរំលោភចំណីផ្លូវ មានទាំងពិន័យប្រាក់ និងជាប់ពន្ធនាគារ

0
3

ភ្នំពេញ៖ ដីចំណីផ្លូវថ្នល់ សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណី ផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាព ចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។ នេះបើតាមច្បាប់ស្ដីពី «ផ្លូវថ្នល់» ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។

ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ ថា ទោសទណ្ឌនៃការរំលោភចំណីផ្លូវសាធារណៈមានដូចខាងក្រោម បានចែងជាអាទិ៍ មាត្រា ៦៤ ជនណាដែលធ្វើកិច្ចការសាធារណការទាំងឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែមផ្លូវ និងដី នៅសល់ នៃដីចំណីផ្លូវដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជា ប្រាក់ចំនួន ៥០០ ០០០ (ប្រាំសែន)រៀល ។

ចំណែក មាត្រា ៦៦ ជនណាដែលធ្វើនូវការ្យលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អាគារ រោងចក្រសហគ្រាសឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យ អន្តរការណ៍ជាប្រាក់ចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀល ។ករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។

មាត្រា៧០ ជនណាដែល ១- រៀបចំសកម្មភាពនិងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១០០ ០០០ (មួយសែន) រៀល។ ២- រៀបចំសកម្មភាពនិងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់គ្មានឬមានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ ក្រោមជាតិ និងបណ្តាលឲ្យខូចខាតដោយអចេតនាដល់ផ្លូវថ្នល់ ឬបរិក្ខារផ្លូវថ្នល់ត្រូវតម្រូវឲ្យធ្វើការ ជួសជុលឡើងវិញឲ្យដូចស្ថានភាពដើម និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១៩ (បទធ្វើឲ្យខូចខាត ផ្សេងទៀត ដោយខ្វះការប្រុងប្រយ័ត្ន ឬការមិនគោរពបទបញ្ជា)នៃក្រមព្រហ្មទណ្ឌ ។

មាត្រា ៧១ ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឲ្យរុះរើចេញនូវ សំណង់នោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែទៅ១ ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ២ ០០០ ០០០ (ពីរលាន) រៀល។

មាត្រា ៧២ ជនណាដែលសាងសង់សំណង់ផ្សេងៗ ដោយមិនបានគោរពតាមចំណុចទី១ និងចំណុចទី២ នៃមាត្រា ៣០ នៃច្បាប់នេះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល និងតម្រូវឲ្យរុះរើចេញនូវសំណង់នោះ ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែទៅ២ ឆ្នាំ និងពិន័យ ជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ។

មាត្រា ៧៤ ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០00 (មួយលាន)រៀល និងតម្រូវឱ្យរុះរើ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែ ទៅ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនតែងតែធ្វើតាមៗគ្នា ឬតៗគ្នាដូចជា លក់ដូរ សង់យាប សំណង់រឹងនៅលើចិញ្ចើមផ្លូវ ទន្ទឹមគ្នានោះដែរ ក៏មានប្រជាជនមួយចំនួនយកចិញ្ចើមផ្លូវអាជីវកម្មជាជំនាន់ សម្រាប់ធ្វើអាជីវកម្ម អាហារដ្ឋានរបស់ខ្លួនឯង ដែលទង្វើនេះបានបំពានច្បាប់ស្ដីពីផ្លូវថ្នល់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលថ្មីនេះ បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ រឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here