ភ្នំពេញ៖ ស្ពានបេតុងពីរកន្លែងជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យមានការកកស្ទះអ្នកដំណើរពេលបុណ្យទានម្តងៗលើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ) ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នហើយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាការបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍”បុណ្យភ្នំ” ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ផងដែរ។
គម្រោងស្ថាបនាស្ពានបេតុង២កន្លែង អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម ១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។
ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ស្ទើរ១០០%ហើយ ក្រោយបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ព្រមទាំងដាក់ឱ្យដំណើរការប្រើប្រាស់ផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ៕




