កុំចាំតែមេឃុំ ចៅសង្កាត់! សមាជិកក្រុមប្រឹក្សា ក៏អាចស្នើរប្រជុំដោះស្រាយបញ្ហាពលរដ្ឋបានដែរ

0
9

ភ្នំពេញ៖ ជាទូទៅ សិទ្ធិអំណាចក្នុងការរៀបចំ ដឹកនាំ និងធានាប្រក្រតីភាពនៃកិច្ចប្រជុំរៀងរាល់ខែរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជាតួនាទីភារកិច្ចរបស់ប្រធានក្រុមប្រឹក្សា។ យ៉ាងណាមិញ ក្នុងនាមជាសមាជិកក្រុមប្រឹក្សា ដែលត្រូវបានផ្តល់សិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិយោបល់នៅក្នុងអង្គប្រជុំ ក៏អាចស្នើសុំលើកយករបៀបវារៈប្រជុំផ្សេងៗក្រៅពីប្រជុំសាមញ្ញ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកស្រី ផង់ ស្រីមុំ សមាជិកក្រុមប្រឹក្សាឃុំអាណត្តិថ្មីនៃឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានថ្លែងប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថា លោកស្រី ក៏ធ្លាប់ស្នើសុំរបៀបវារៈទៅកាន់ប្រធានក្រុមប្រឹក្សា ដើម្បីបើកកិច្ចពិភាក្សាពាក់ព័ន្ធទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែរ។

លោកស្រី ក៏បានលើកឡើងថា «តាំងពីចូល[បម្រើការងារ]មក ខ្ញុំធ្លាប់បានស្នើសុំរបៀបវារៈប្រជុំទៅក្រុមប្រឹក្សា ច្រើនលើកច្រើនសារដែរ ដូចជា៖ បញ្ហាផ្លូវ ថ្នល់ បរិស្ថាន និងស្ថានភាពពលរដ្ឋដែលខ្វះខាត នៅក្នុងមូលដ្ឋាន។ ចំណែកឯលោកមេឃុំ និងសមាជិកផ្សេងៗទៀត ក៏បានចូលរួមលើកយោបល់ និងស្វែងរកដំណោះស្រាយរួមគ្នា ទៅលើសំណូមពរ និងតម្រូវការជាអាទិភាពធ្វើយ៉ាងណាដោះស្រាយបញ្ហាទាំងនេះ ឱ្យបានឆាប់រហ័ស គណនេយ្យភាព តម្លាភាពនិងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ»។

ចំណែកឯសមាជិកក្រុមប្រឹក្សាឃុំមួយរូបទៀត គឺលោក អ៊ុង ជឿន ក៏បានលើកឡើងស្រដៀងគ្នាដែរទៅលើសកម្មភាពបំពេញការងារទៅលើតួនាទី ភារកិច្ចរបស់លោកទាក់ទង នៅពេលមានបញ្ហាណាមួយ ឬកង្វល់ ការត្អែញត្អែររបស់ប្រជាពលរដ្ឋទៅលើការបញ្ហាហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ បរិស្ថាន និងការផ្តល់សេវារដ្ឋបាលនៅឃុំ សង្កាត់ ក្នុងនាមជាសមាជិកក្រុមប្រឹក្សា លោកបានលើរបៀបវារៈទាំងនេះទៅកាន់ក្រុមប្រឹក្សា ដើម្បីដោះស្រាយបញ្ហាទាំងនោះ។

លោកបន្ថែមទៀតថា «ក្រៅពីកិច្ចប្រជុំដែលបានកំណត់នៅក្នុងច្បាប់ យើងក៏មានកិច្ចប្រជុំផ្សេងៗទៀតដែលបានលើកឡើងទៅឱ្យក្រុមប្រឹក្សា ក្នុងការជជែកគ្នាទៅលើបញ្ហាដែលពលរដ្ឋបានជួបប្រទះ មតិ និងសំណើនានា ដើម្បីដោះស្រាយឱ្យបានឆាប់រហ័ស ទន្ទឹមគ្នានោះ ក្រុមប្រឹក្សា និងសមាជិកដទៃទៀតក៏បានលើកទឹកចិត្តខ្ញុំផងដែរ»។

បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន និងជាអ្នកដែលនៅជិតប្រជាពលរដ្ឋបំផុត បន្ទាប់ពីក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងនេះបង្ហាញគណនេយ្យភាព តម្លាភាពរបស់សមាជិកក្រុមប្រឹក្សា ទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនដែលជាម្ចាស់សន្លឹកឆ្នោត។ក្នុងនោះ លោកបណ្ឌិត ក៏បានជំរុញ និងលើកទឹកចិត្តឱ្យសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវចេះប្រើប្រាស់សិទ្ធិ និងតួនាទី ភារកិច្ច តាមរយៈការចូលរួមធ្វើសកម្មភាពនានាដែលខ្លួនគិតថា មានភាពចាំបាច់ក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា សមាជិកក្រុមប្រឹក្សា មានតួនាទី ភារៈកិច្ចធានាដល់អនុលោមភាពនៃការប្រើប្រាស់អំណាច និងតួនាទីរបស់ក្រុមប្រឹក្សា ក្នុងការចូលរួមកិច្ចប្រជុំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ។ ហេតុដូចនេះ ការចូលរួមលើកយករបៀបវារៈប្រជុំនានារបស់សមាជិកក្រុមប្រឹក្សា គឺបានបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សាចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here