កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត

0
1

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងជំនួបជាមួយឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកងកម្លាំងស្វ័យការពារជប៉ុន ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈកងកម្លាំងថែរក្សាសន្តិភាពរបស់ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកនៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងនេះ នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

នៅក្នុងជំនួបសម្ដេចធិបតី បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន នៅក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។

ឯកឧត្តម​សមាជិករដ្ឋសភាក៏បាន​គូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ លើវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។

ជាមួយគ្នានោះ, ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស​ លើផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង​ និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព​ ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។

ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON,​ និង Minebea ជាដើម ខណៈពេលដែលមានក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀត​ កំពុងចាប់អារម្មណ៍ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការកៀរគរ, ជំរុញ និងលើកទឹកចិត្តវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here