កម្ពុជា ឆ្លើយតប ៤ចំណុច អំពីកង្វល់និងរបាយការណ៍ របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ

0
10

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ គណៈ កម្មាធិការ សិទ្ធិ មនុស្ស នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញមុខបកស្រាយ ទៅនឹងកង្វល់និងរបាយការណ៍ របស់អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ អំពីស្ថានភាពអ្នកការពារ សិទ្ធិមនុស្ស នៅកម្ពុជា។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកអ្នកនាំពាក្យរូបនេះបានលើកឡើងថា ៤ចំណុច អំពីកង្វល់និងរបាយការណ៍ របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ អំពីស្ថានភាពអ្នកការពារសិទ្ធិ មនុស្សនៅកម្ពុជា៖

១. របាយការណ៍នេះ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាព អ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់ តែទៅលើរូបភាព ខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែលសមត្ថកិច្ច អនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅ ដែលគេការពារ គេសន្និដ្ឋានថាជា ការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់ និងធ្វើការវិភាគវែកញែក ពីទង្វើនិងសកម្មភាព របស់ក្រុមគោលដៅទាំងនោះឡើយ ថាតើវាជាសកម្មភាពការពារសិទ្ធិមនស្សឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាននិងធាតុផ្សំ គ្រប់គ្រាន់បង្កើតបានជាបទល្មើស តាមបញ្ញត្តិច្បាប់របស់ កម្ពុជាដែឬអត់ ហើយពួកគេ បានធ្វើអ្វីខ្លះបានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ។

២. រដ្ឋាភិបាលនិងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញ លើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ ចំពោះអ្នកដែលប្រព្រឹត្ត បទល្មើស តែប៉ុណ្ណោះ ដែលបានដំណើរការ នីតិវិធីតាមផ្លូវតុលា ការផ្អែកលើគោលការណ៍ ប្រជាធិបតេយ្យនិងនីតិរដ្ឋ

៣. ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់ របស់អង្គការ ចលនា ចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាព ការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តនូវ សកម្មភាពនិងផែនការទាំងនោះ ក៏មិនមែនជា អ្នកការពារសិទ្ធិមនុស្សនោះដែរ តែផ្ទុយទៅវិញ វាជាអំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្ត អំពើល្មើសច្បាប់ ទាំងនោះក៏ត្រូវទទួលខុសត្រូវ តាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ

៤. រដ្ឋាភិបាល លើកទឹកចិត្តឱ្យពលរដ្ឋ ចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរ នូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះក្រុមដែលមាន ផែនការនិងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេសសិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here