ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្ស របស់កម្ពុជា ឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតប ឲ្យទាន់ទៅនឹងការរីកចម្រើន យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។
ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះ ត្រូវបានធ្វើឡើង នៅក្នុងជំនួបជម្រាបលា របស់លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។
លោក អ៊ិត សំហេង បានលើកឡើង ពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិ បេសកកម្មរបស់លោកម៉ាយឃើលតាន ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសជាច្រើន ដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជាពិសេសសិង្ហបុរី បានបញ្ជូនគ្រូជំនាញៗ មកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។
ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករ នៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំ បច្ចេកទេសសុវត្ថិភាព ឡចំហាយ នៅក្នុងរោងចក្រការបណ្ដុះបណ្ដាល អ្នកជំនាញត្រួតពិនិត្យឡចំហាយ ជាដើម ដោយបានចូលរួមកាត់បន្ថយ បញ្ហាគ្រោះថ្នាក់ផ្សេងៗ បានយ៉ាងច្រើន នៅក្នុងរោងចក្រ សហគ្រាស។
សំណើបន្ទាប់របស់លោក អ៊ិត សំហេង គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជា ត្រូវការធនធានមនុស្ស ប្រកបដោយគុណវឌ្ឍ ហើយកន្លងមកសិង្ហបុរី ក៏បានដើរតួយ៉ាងច្រើន ក្នុងការជំរុញលើការងារនេះ។ ជាមួយគ្នានោះ កម្ពុជាក៏មានបំណងចង់ បន្តកិច្ចសហបប្រតិបត្តិការ ជាមួយសិង្ហបុរីតទៅមុខទៀត ហើយសង្ឃឹមថាសិង្ហបុរី នឹងនៅតែចែករំលែកបទពិសោធន៍ ដល់កម្ពុជាបន្ថែមទៀតផងដែរ។
លោកអគ្គរដ្ឋទូតសិង្ហបុរី បានលើកឡើងពីកិច្ចខិតខំ របស់រដ្ឋាភិបាល និងស្ថានទូតសិង្ហបុរី ប្រចាំកម្ពុជា ក្នុងការចូលរួមបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាមកម្ពុជា។
លោកបានលើកឡើងថា សិក្ខាកាមកម្ពុជាចូលចិត្តសិក្សា នៅកន្លែងការងារផ្ទាល់តែម្ដង ដែលជាចំណុចពិសេសមួយក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់ល្អប្រសើរ។
លោកបានបន្តថា សិង្ហបុរី បានឈរលើចំណាត់ថ្នាក់ទី២ លើវិស័យវិនិយោគនៅកម្ពុជា ហើយឯកឧត្តមក្នុងនាមជាឯកអគ្គរដ្ឋទូតក៏តែងតែជំរុញដល់ក្រុមហ៊ុនទាំងនោះ ត្រូវបន្តយកចិត្តទុកដាក់ ទទួលខុសត្រូវ ចំពោះការវិនិយោគ របស់ខ្លួននៅកម្ពុជា ត្រូវគោរពអនុវត្តតាមច្បាប់-លិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងត្រូវចូលរួមបណ្ដុះបណ្ដាលសមត្ថភាពជំនាញ ការងារដល់កម្មករ កម្ពុជាផងដែរ ដើម្បីឱ្យពួកគេទទួលបាន ជំនាញសមស្របមួយ សម្រាប់ធ្វើការងារចិញ្ចឹម ជីវិតឱ្យកាន់តែល្អប្រសើរ។
ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហការគ្នា កាន់តែរឹងមាំថែមទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលទាំងពីរគឺសុទ្ធតែបានទប់ស្កាត់ និងដោះស្រាយបានយ៉ាងល្អ និងទាន់ពេលវេលា។ ទន្ទឹមនេះ ភាគីសិង្ហបុរី ក៏បានអំណរគុណដល់ រដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់បានយ៉ាងល្អ ជាផ្នែកមួយអំណោយ ផលដល់អ្នកវិនិយោគ សិង្ហបុរី ឲ្យមានដំណើរការអាជីវកម្មរបស់ខ្លួន ជាប្រក្រតីឡើងវិញ ហើយកម្ពុជាក៏បានអរគុណ ដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានការពារពលករកម្ពុជា ដែលកំពុងបម្រើការ នៅទីនោះដូចជនជាតិ សិង្ហបុរីដូចគ្នា ។
ជាមួយគ្នានេះ លោកទូត ក៏បានកោតសរសើរ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានថ្នាក់ដឹកនាំមួយរូបគឺលោក ហេង សួរ ត្រូវបាន ជ្រើសតាំងជាទីប្រឹក្សា ពិគ្រោះយោបល់ នៃមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បី អនាគតនៃការងារ សម្រាប់អណត្តិពីរឆ្នាំ ពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងដែលមានគុណតម្លៃ បន្ថែមសម្រាប់ការអភិវឌ្ឍ វិស័យការងារ ជាពិសេសផ្នែកសុវត្ថិភាព និងសុខភាពការងារនេះតែម្តង ។
លោក ម៉ាយឃើល តាន បានបញ្ជាក់ពីការទទួលយកសំណើ ទាំងឡាយរបស់លោក អ៊ិត សំហេង យកទៅជម្រាបជូន ដល់រដ្ឋាភិបាលសិង្ហបុរី ដើម្បីពិចារណា និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែល្អ ប្រសើរទៀត៕