ក្រសួងពាណិជ្ជកម្មប្រកាស សម្ពោធជាផ្លូវការនូវយុទ្ធសាស្ត្រ ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

0
8

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធជាផ្លូវការនូវយុទ្ធសាស្ត្រ ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy) ដោយមានការចូលរួមជាច្រើន ពីតំណាងក្រសួងស្ថាប័ន ក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ ការរៀបចំយុទ្ធសាស្ត្រនេះ ទទួលបានការឧបត្ថម្ភ ហិរញ្ញប្បទាន ពីអង្គភាពក្របខ័ណ្ឌ ពង្រឹងសមាហរណកម្ម (Enhanced Integrated Framework – EIF)។

ថ្លែងក្នុងពិធីសម្ពោធ លោករដ្ឋមន្ត្រី បានជម្រាបជូនថា ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញភាពប្រកួតប្រជែង របស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើន នៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹង បដិវត្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្រ្ត ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទី បង្ហាញផ្លូវដល់ការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងក្របខ័ណ្ឌរួមមួយ ដោយវិស័យនេះ ជាវិស័យថ្មីទើបនឹងលេចឡើង ប៉ុន្តែជាវិស័យប្រកបដោយ សក្តានុពលខ្ពស់ ក្នុងការបង្កើតប្រភពកំណើនថ្មី សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ទោះជាយ៉ាងនេះក្ដី វិស័យនេះក៏មានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដោយបញ្ហាប្រឈមទាំងនេះ ត្រូវបានសិក្សាវិភាគ យ៉ាងល្អិតល្អន់ នៅក្នុងយុទ្ធសាស្រ្ត ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយក៏បានដាក់ចេញ នូវអនុសាសន៍ និងផែនការសកម្មភាព ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំង វិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។

ក្នុងឱកាសនោះផងដែរ លោក ប៉ាន់ សូរស័ក្តិ ក៏បានលើកឡើងថា យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានរៀបចំឡើងក្នុងពេលវេលា ដ៏ត្រឹមត្រូវមួយ ស្របពេលដែលកម្ពុជា មានច្បាប់ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានប្រកាសឱ្យ ប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ច្បាប់ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក បម្រើជាមូលដ្ឋានគតិយុត្ត ដ៏មានសារៈសំខាន់ ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ការពារផលប្រយោជន៍ និងកសាងទំនុកចិត្តខ្ពស់ ដល់អ្នកប្រើប្រាស់ ក្នុងវិស័យវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិក ក៏ដូចជាទាក់ទាញ វិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។

ជាមួយនោះផងដែរ ក្នុងពេលបច្ចុប្បន្ន ជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាត ទូទាំងពិភពលោក និងប៉ះពាល់ដល់ អាយុជីវិតមនុស្ស ព្រមទាំងរាំងស្ទះ ដល់សកម្មភាព សេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្នុងបរិបទនេះ ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកមានសារៈសំខាន់ យ៉ាងខ្លាំង ក្នុងការផ្តល់ជាគំរូអាជីវកម្មថ្មីមួយ ប្រកបដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ដោយប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល ដែលសមស្របទៅនឹង បរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការ ទីផ្សារក្នុងស្ថានភាពកូវីដ-១៩ និងក្រោយជំងឺកូវីដ-១៩។

ក្នុងបរិបទតំបន់ និងពិភពលោក វិស័យពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក បានក្លាយជាប្រធានបទសំខាន់ ដែលថ្នាក់ដឹកនាំរបស់ប្រទេសនានា លើកយកមកពិភាក្សា នៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ជាក់ស្ដែង កម្ពុជាបានចុះហត្ថលេខា និងអនុម័តយល់ព្រមលើ
១) កិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (ASEAN E-Commerce)
២) កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថាអាសិប (RCEP) ដែលត្រូវបានចុះហត្ថលេខារួចរាល់ហើយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ និង
៣) ជាជំពូកដ៏សំខាន់មួយ នៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចុះហត្ថលេខា ជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកសារយុទ្ធសាស្ត្រនេះ នឹងក្លាយជាឯកសារចម្បងមួយ ក្នុងការរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការប្រែក្លាយ កម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល នាពេលអនាគត ក៏ដូចជារួមចំណែកដល់ការសម្រេចបាន នូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការវិវត្តន៍ទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

សូមបញ្ជាក់ផងថា យុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ទាំងអស់មាន១០ជំពូក ដូចជា៖
១) យុទ្ធសាស្ត្រ/គោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន,
២) ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ,
៣) បទបញ្ញត្តិសម្រាប់សហគ្រាសធុនតូច និងមធ្យម,
៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍,
៥) ហេដ្ឋារចនាសម្ព័ន្ធជំនាញឌីជីថល,
៦) ប្រព័ន្ធទូទាត់,
៧) ភស្តុភារកម្មពាណិជ្ជកម្មក្នុងស្រុក,
៨) ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន,
៩) ការទទួលបានហិរញ្ញប្បទាន
១០) ពត៌មានពាណិជ្ជកម្ម និងការគាំទ្រទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here