ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី៩ដល់១៧ខែមករាឆ្នាំ២០២១នៅតំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងចុះត្រជាក់រហូតដល់១១អង្សាសេ។
យោងតាមសេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៨មករាឆ្នាំ២០២១បានឲ្យដឹងថាតាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យ ឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ ពីតំបន់ស៊ីប៊ីរី គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង។
ក្រសួងបន្តថាលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ ថ្ងៃទី១៧មករាឆ្នាំ២០២១ ( ពិសេសពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ) មាន ស្ថានភាពដូចជា តំបន់ វាលទំនាប សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៣អង្សាសេ ទៅ ១៥អង្សាសេ លាយឡំជាមួយខ្យល់មធ្យម។ សម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦អង្សាសេ។
ចំណែក តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះ
មកនៅក្នុងរង្វង់ពី ១១អង្សាសេ ទៅ ១៣អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង។ ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧អង្សាសេទៅ ១៩ អង្សាសេ។ នៅថ្ងៃទី ១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលក សមុទ្រខ្ពស់ៗ។
ក្រសួងបានលើកឡើងទៀតថាយោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា ព័ត៌មាន ជាពិសេស វីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគ ឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។ ដោយឡែក ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានោះដែរក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕