បាត់ដំបង៖ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ខេត្តបាត់ដំបងថ្លែងថាបច្ចុប្បន្ន ចំពោះសេវាកម្មដែលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ បានធូរស្រាលវិញជាបណ្ដើរៗហើយ ស្របជាមួយនេះ អាជ្ញាធរខេត្តក៏បានត្រៀមរួចរាល់ផងដែរ កន្លែងការងារសម្រាប់ពលករ និងពលរដ្ឋ ដែលគាត់បាត់បង់ការងារធ្វើ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩នេះ ពួកគាត់អាចមកទំនាក់ទំនង កន្លែងមជ្ឈមណ្ឌលការងារខេត្ត និងតាមសាលាបច្ចេកទេស ក៏បានត្រៀមបង្រៀនជំនាញវគ្គខ្លីៗ មានជំនាញអេឡកត្រូនិក សេវាកម្ម និងកសិកម្មជាដើម។
លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ខេត្តបាត់ដំបង បានថ្លែងថា ក្នុងអំឡុងនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ មានឆ្លងនៅកម្ពុជាដែរនោះ នៅខេត្តបាត់ដំបង បានប៉ះពាល់ផងដែរទៅលើការងារវិស័យទេសចរណ៍ ដែលមានដូចជាកន្លែងរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋា និងសេវាកម្មដឹកជញ្ជូនភ្ញៀវជាដើម ខណ:វិស័យរោងចក្រសហគ្រាសមួយចំនួន ទៀត មិនសូវមានការប៉ះពាល់នោះទេ ខណ:ពលរដ្ឋបាត់ដំបងភាគច្រើន ប្រកបរបរកសិកម្ម ។
លោកបន្តថា បច្ចុប្បន្ននេះចំពោះសេវាកម្មដែលប៉ះពាល់ បានធូរស្រាលវិញជាបណ្ដើរៗហើយ ស្របជាមួយនេះ អាជ្ញាធរខេត្តក៏បានត្រៀមរួចរាល់ផងដែរ កន្លែងការងារសម្រាប់ពលករ និងពលរដ្ឋ ដែលគាត់បាត់បង់ការងារធ្វើ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩នេះ ។
លោកបានអំពាវនាវ ដល់ពលរដ្ឋអាចមកទំនាក់ទំនង កន្លែងមជ្ឈមណ្ឌលការងារខេត្ត និងតាមសាលាបច្ចេកទេស ក៏បានត្រៀមបង្រៀនជំនាញវគ្គខ្លីៗ មានជំនាញអេឡកត្រូនិក សេវាកម្ម និងកសិកម្មជាដើម។
លោកបានបន្ថែមថា រហូតមកដល់ឆ្នាំ២០២១ ខេត្តបាត់ដំបងមានសហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីក្នុងមន្ទីរការងារខេត្ត មានចំនួន៧៥២ និងមានកម្មករនិយោជិក កំពុងបម្រើការងារនៅទីតាំងទាំងនោះចំនួនជាង ១៤ ៩០០នាក់ ហើយកន្លែងការងារទាំងជាង ៥០០កន្លែង កំពុងរងចាំពលរដ្ឋ និងសិស្ស ចូលបម្រើការងារនោះមានរោងចក្រសហគ្រាស និងវិស័យធនាគារជាដើម ។
គួរឲ្យដឹងផងដែរថា ចាប់ពីមានការផ្ទុះរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ ក្នុងខេត្តសាមុទសាខន ប្រទេសថៃ មានពលករខ្មែរត្រឡប់មកពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង មានចំនួនជាង ២៥០០នាក់ និងត្រូវបានធ្វើតេស្តយកសំណាករកជំងឺកូវីដ១៩ បានជាង ២៤០០នាក់៕



