នាយករដ្ឋមន្ត្រី បញ្ជាអភិបាលខេត្តទាំងអស់ថា មិនត្រូវឲ្យមានករណីជនឆ្លៀតឱកាស ធ្វើរបងបិទផ្លូវសាធារណៈតទៅទៀតឡើយ

0
9

ភ្នំពេញ៖ សម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជា ក៏ដូចជាដាសតឿនដល់អភិបាលខេត្តទាំងអស់ មិនត្រូវឲ្យកើតមានករណី ជនឆ្លៀតឱកាសរំលោភ ឬធ្វើរបងបិទផ្លូវសាធារណៈ ដែលប៉ះពាល់ដល់ផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋតទៅទៀតឡើយ។

ការដាក់ចេញបទបញ្ជារបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ពី បន្ទាប់ពីអភិបាលខេត្តកែប បានបញ្ជាឲ្យគណៈ បញ្ជាការ ឯកភាព រដ្ឋបាលក្រុង សហការជាមួយ ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះរុះរើរបងថ្ម និងទ្វាដែក ដែលបានសាងសង់ គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរ ឆ្លងកាត់នៅតំបន់ស្រែអំបិល ហើយកំពុងមានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិតនៅ ក្នុង ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។

តាមរយៈការខមិនក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសសើរចំណាត់ការ របស់អភិបាលខេត្តកែប ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន។

សម្ដេចបន្តថា តាមហេតុការដែលបានកើតកន្លងមកនេះ អាជ្ញាធរគួរគួរតែរើរបងនេះចោលតាំងពីពេលរបងនេះ ចាប់ផ្តើមធ្វើមកម្លេះ ហើយអ្នកធ្វើរបងបិទផ្លូវសាធារណៈ គួរតែត្រូវបានអប់រំ ឬវិធានការរដ្ឋបាលតាំងពីដំបូង។ សម្ដេចថា យើងមិនត្រូវទុកឱ្យបុគ្គលម្នាក់ ឬ២នាក់បំផ្លាញផលប្រយោជន៍ របស់ប្រជាជនច្រើននាក់នោះឡើយ»។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «ថ្ងៃក្រោយមិនត្រូវឱ្យមានរឿងបែបនេះ កើតឡើងទៀតទេមិនត្រឹមតែខេត្តកែបប៉ុណ្ណោះទេ គឺត្រូវធ្វើនៅគ្រប់ខេត្តទាំងអស់»។

ទាក់ទិនករណីនេះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់តាមហ្វេសប៊ុក កាលពីម្សិលមិញថា ការចុះរុះរើនេះ គឺដើម្បី រក្សាស្ថានភាពដើម និងបើកផ្លូវ សាធារណៈ ជូន ដល់ប្រជាពលរដ្ឋ មហាជន សម្រាប់ប្រើប្រាស់ជា ផល ប្រយោជន៍ សាធារណៈ។

លោកអភិបាលខេត្ត បានអំពាវនាវដល់សាធារណជនទូទៅ កុំប្រព្រឹត្ត និងយកគំរូតាមករណីការឆ្លៀតឱកាសបែបនេះ ដែលមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឲ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ សាធារណៈ។

លោកអភិបាលខេត្តបន្ថែមថា ក្នុងករណីនេះមានការអបអរសាទរ ពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលលើផ្លូវនេះ ហើយពួកគាត់គាំទ្រចំណាត់ការរបស់អាជ្ញាធរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះអ្វីដែលជាផលប្រយោជន៍សាធារណៈរបស់រដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here