ភ្នំពេញ៖ ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាព ទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។
ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាង កម្ពុជា-ឥណ្ឌា និងបានពង្រឹងវិស័យការទូត កាន់តែជិតស្និទ្ធជាមួយគ្នា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នរិន្ទ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។
កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងវប្បធម៌ និងសាសនាជាមួយគ្នាដ៏យូរលង់ ហើយកាលពីមុនកើតមានវិបត្តិជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាក៏ចូលចិត្តទៅលេងកម្សាន្តនៅឥណ្ឌា តាមរយ:ដំណើរទេសចរណ៍បែបសាសនាច្រើនណាស់ដែរ ដូច្នេះហើយទើបឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់ស្ថានទូតឥណ្ឌា ក៏ដូចជារដ្ឋាភិបាលឥណ្ឌា ធ្វើយ៉ាងណារៀបចំឱ្យមានខ្សែទស្សនកិច្ចបែបសាសនានេះឡើងវិញ បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ-១៩។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ លោក ថោង ខុន បានលើកឡើង អំពីសំណើឱ្យមានការតភ្ជាប់ ជើងហោះហើរត្រង់រវាង កម្ពុជា-ឥណ្ឌា ក្រោយពន្យារពេលអស់មួយរយ: ដោយសារការរំខានពីការរីករាលដាល នៃជំងឺកូវីដ-១៩។
លោកស្រី ទេវ្យានី ក៏បានអះអាងថា ការងារនេះក៏ជាការងារអាទិភាព ក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតរបស់លោកស្រីផងដែរ។ បើតាមលោកស្រីទេវ្យានី ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងរួមសហការជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងការបន្តរៀបចំទិវាយោគ:អន្តរជាតិ (International Yuga Day) នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងជាដើម។
លោក ថោង ខុន បានស្នើសុំឱ្យឥណ្ឌា បន្តរៀបចំព្រឹត្តិការណ៍ ប្រណាំងរថយន្ត អាស៊ាន-ឥណ្ឌា និងចលនាទេសចរ បើកបរដោយខ្លួនឯង ដែលនឹងក្លាយជាព្រឹត្តិការណ៍ រឹតចំណងមិត្តភាព ក៏ដូចជាជំរុញចលនា ទេសចរតាមផ្លូវគោក រវាងឥណ្ឌានិងអាស៊ាន។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានទទួលយល់ព្រម និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមនេះ ពីព្រោះវានឹងផ្ដល់ប្រយោជន៍ច្រើន ដល់វិស័យទេសចរណ៍ ស្របពេលបច្ចុប្បន្ន យុវជនឥណ្ឌាពិតជាចូលចិត្តខ្លាំងណាស់ ចំពោះដំណើរ ទេសចរណ៍បែបនេះ។
ស្ថានទូតឥណ្ឌា ក៏បានគាំទ្រដល់ គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ កម្ពុជាបន្តទៀត ព្រមទាំងអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដោយលោកស្រីឯកអគ្គរដ្ឋទូត ឥណ្ឌា សន្យាថា នឹងសម្របសម្រួល ដល់ការបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍ តាមរយ:ប្រព័ន្ធវីដេអូអនឡាញ។
ក្រៅពីនេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏នឹងជួយ កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តាមតំបន់អេកូទេសចរណ៍ ទេសចរណ៍វប្បធម៌ ដូចជាការកែលម្អផ្លូវចូល ផ្លាកសញ្ញា ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យទទួលជំនាញក្នុងការស្វាគមន៍ ភ្ញៀវទេសចរ កាន់តែល្អប្រសើរ។
ភាគីទាំងពីរ នឹងបង្កើតក្រុមការងារ ដែលមានសមាសភាព ពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក៏ដូចជាក្រុមការងារ នៅស្ថានទូតឥណ្ឌា ប្រចាំកម្ពុជា និងក្រុមការងារឥណ្ឌា នៅរដ្ឋធានីញូវដេលី ផងដែរ ដើម្បីអនុវត្តការងារ ទាំងអម្បាលម៉ាន នេះ ឱ្យបានល្អប្រសើរ ក្រោមការរំពឹងទុកថានឹងចាប់ផ្ដើម អនុវត្តនៅក្រោយពេល ចប់វិបត្តិជំងឺកូវីដ-១៩៕

