មន្ត្រីជំនាញដុតកម្ទេចចោលបង្គាក្លាស្សេមានចាក់ចាហួយជាង ១០០០គីឡូក្រាម

0
6

ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការដុតកម្ទេចចោល បង្គាក្លាស្សេមានចាក់ចាហួយបន្ថែមសរុបចំនួន ៥៦កេស ស្មើនឹង ១០០៨គីឡូក្រាម នៅទីលានចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីនេះមានការចូលរួមពីមន្រ្តីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកមធ្យោបាយ ដឹកជញ្ជូនទំនិញល្មើស ត្រូវបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីបន្ត។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តការបង្ក្រាបបានធ្វើឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមការចង្អុលបង្ហាញពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តទាំង២គ្រឿង ត្រូវបានស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ភ្លាមៗនោះមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តទាំង២គ្រឿងខាងលើដែលសង្ស័យមានបង្គាក្លាសេ្សចាក់បន្ថែមចាហួយ មកអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគនៅនាយកដ្ឋានមន្ទីរពិសោធន៍។

តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញ ទាំង២គ្រឿងនេះ បានឱ្យដឹងថា ទំនិញជាគ្រឿងសមុទ្រ រួមមានបង្គាកាស្សេ និងក្តាម សរុបចំនួន ៦៥០កេស នៅលើរថយន្តទាំង២ខាងលើ មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។ ជាលទ្ធផល មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកវត្តមានបង្គាក្លាស្សេមានចាក់បន្ថែមចាហ៊ួយ ចំនួន ៥៦ កេស ស្មើ ១០០៨គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here