បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរម្នាក់ជាអ្នកគង្វាលពពែ បានប្រទះឃើញដែកបំពង់ទីប ដោយពុំដឹងថាជាអ្វី ក៏លូកដៃចាប់ បណ្ដាលឲ្យផ្ទុះរបួសដៃស្ដាំ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រភូមិណងម៉ាកមូន ឃុំណងម៉ាកមូន ស្រុកគោកធ្យូង ខេត្តស្រះកែវ(ទឹកដីថៃ) ទល់មុខភូមិសាស្ត្រភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ពលរដ្ឋរងគ្រោះ ឈ្មោះ ស៊ីន រិទ្ឋ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរឃ្វាលសត្វពពែ ដោយឆ្លងចូលទឹកដីថៃ ពេលដើរឃ្វាលដល់ចំណុចជិតស្ពានក្នុងភូមិសាស្ត្រ ភូមិណងម៉ាកមូន ឃុំណងម៉ាកមូន ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃើញដែកបំពង់ទីប ដោយពុំចាប់អារម្មណ៍ថាមានអ្វីនោះទេក៏លូកដៃចាប់ បណ្ដាលឲ្យផ្ទុះរបួសម្រាមដៃស្ដាំ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)៕