ភ្នំពេញ៖ ជនជាតិវៀតណាម៣ និងមេខ្យល់ជនជាតិខ្មែរ៣នាក់ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបូរីជលសារ ធ្វើការឃាត់ខ្លួន ក្រោយលួចចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។
យោងតាម អធិការដ្ឋាននគរបាលស្រុកបូរីជលសារ បានអោយដឹងថា នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ផាន ផលអធិការ នៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ បានសហការជាមួយកម្លាំងប៉ុស្ដិ៍ន គរបាលរដ្ឋបាលបូរីជលសារ បានចុះល្បាតមូលដ្ឋានស្រុកបូរីជលសារ បានឃាត់រថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ តាកែវ 2B : 7875 ដែលជាមុខសញ្ញានាំ ជនជាតិវៀតណាមខុសច្បាប់ មកកម្ពុជា មានមនុស្សសរុបចំនួន ០៦នាក់ ស្រី០នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន ០៣នាក់ (មិនស្គាល់អត្តសញ្ញាណ ដោយមិនមានអ្នកបកប្រែ)។
ដោយឡែកជនជាតិខ្មែរមានចំនួន ០៣នាក់ ក្នុងនោះអ្នកបេីកបរម្នាក់ឈ្មោះ អម អាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ និងមេខ្យល់នាំផ្លូវចំនួន ០២នាក់ ទី១ ឈ្មោះ សុខ រ៉ាវុធ ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ និងទី២ ឈ្មោះ ភូ ហេងសេង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ ឃាត់ខ្លួនបាននៅចំណុច ភូមិស្នាចដួច ឃុំបូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ៕