ស្ត្រីម្នាក់ជិះម៉ូតូ រត់ចេញពីខេត្តព្រះសីហនុ មកសំងំលាក់ខ្លួននៅផ្ទះ ក្នុងខេត្តកែប ក្រោយមករកឃើញវិជ្ជមានកូវីដ១៩

0
8

ភ្នំពេញ៖ រដ្ឋបាលខេត្តកែប បានប្រកាសឲ្យដឹងថា តាមលទ្ធផលដែល ប្រកាសដោយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ មីនា បញ្ជាក់ថា ខេត្តកែបមានបុគ្គលវិជ្ជមានកូវី១៩ ចំនួន ម្នាក់ ឈ្មោះ ប៉ែន ហេង ភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅនៅកាស៊ីណូ ហ៊ួយហ័រ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកដល់ខេត្តកែប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីយប់ តាមរយៈមធ្យោបាយម៉ូតូ ផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅផ្ទះ។

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលដំណឹងវិលត្រឡប់មកវិញ របស់បុគ្គលរូបនេះ ក្រុមឆ្លើយតបបន្ទាន់បាន ចុះទៅពិនិត្យសួរនាំធ្វើការវាយតម្លៃហានិភ័យ និងបាននាំ យកបុគ្គលរូបនេះធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២១ ទើបទទួលបានលទ្ធផលវិជ្ជមានកូវិដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែប នៅរសៀលថ្ងៃទី២២ មីនានេះ បានឲ្យដឹងបន្តថា អ្នកដែលពាក់ព័ន្ធផ្ទាល់រួមមាន៖

១- ឈ្មោះ ប៉ែន ណាវី ភេទស្រី អាយុ ៤៧ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

២- ឈ្មោះ សៀម ស្រីទូច ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

៣-ឈ្មោះ សៀង គឺ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

៤- ឈ្មោះ ដាន ត្រូវ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប
៥- ឈ្មោះ ស្រេង ចាន់ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប។

បុគ្គលប៉ះពាល់ផ្ទាល់ទាំង ៥នាក់នេះ បានយក សំណាកវត្ថុវិភាគ និងធ្វើចត្តាឡីស័កនៅមណ្ឌល ចត្តាឡីស័កខេត្តដោយមានការដាក់ កម្លាំងការពារប្រចាំការយ៉ាងម៉ត់ចត់។

បច្ចុប្បន្នក្រុមការងារឆ្លើយតបបន្ទាន់ កំពុងស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩នេះបន្តទៀត។

ទន្ទឹមនេះ សូមអញ្ជើញបងប្អូនផ្សេងៗទៀត ដែលធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលវិជ្ជមាន និងមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស ឈឺបំពង់ក ពិបាកដកដង្ហើម សូមទំនាក់ទំនងក្រុមការងារ តាមរយៈ ទូរស័ព្ទលេខ ០១៦ ៣៣៨ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីធ្វើតេស្តសំណាកឱ្យបានឆាប់បំផុត។ ដោយឡែកចំពោះអ្នកដែលប៉ះពាល់ ដោយប្រយោលជាមួយបុគ្គលរូបនេះ សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើ ចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះខ្លួនឯង សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here