ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ពីក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
បើតាមលិខិតរបស់អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ មេសា បានឲ្យដឹងថា ការសម្រេចបិទនេះ ដោយយោងតាមលទ្ធផលតេស្តវត្ថុសំណាក ដែលក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរសុខាភិបាលខេត្តបានយកពី ប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ស្ថិតភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបញ្ជាក់ថា មានករណីវិជ្ជមានវីរុសកូវី៥-១៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះ។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្តសម្រេចបិទខ្ទប់តំបន់ទំនប់រលកមួយផ្នែក(ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២) ជាបន្ទាន់ ចាប់ពីមាត់សមុទ្រដល់ផ្លូវរថភ្លើង ដោយកំណត់បិទចាប់ពីមុខស្នាក់ការកងរាជអាវុធហត្ថទំនប់រលក រហូតដល់ផ្លូវឡើងទៅរោងចក្រ អរ ស៊ី អាយ (ទាំងសងខាងផ្លូវ) ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូលតំបន់នោះបន្តទៀតឡើយ។
ចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទំនប់រលំកអាចធ្វើដំណើរដោយថ្មើរជើងដើម្បីទិញម្ហូបអាហារ សម្ភារប្រើប្រាស់ចាំបាច់នានានៅផ្សារក្នុងភូមិ ដោយអ្នកលក់ និងអ្នកទិញត្រូវពាក់ម៉ាស់បាញ់អាល់កុល ឬជែលសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងដាក់ខ្សែចងនៅមុខកន្លែងលក់ដូរឲ្យបានត្រឹមត្រូវ។
ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី៩, ១២, ១៣, ១៤ និងក្រុមទី១៥ កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះគឺមិនអនុញ្ញាតឲ្យចេញពីទីតាំងរបស់ខ្លួនឡើយ។ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នឹងចុះស្រាវជ្រាវ សម្ភាសន៍អ្នកពាក់ព័ន្ធនៅក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់គ្នា ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩៕