អាជ្ញាធរសម្រេចផ្អាកអាជីវកម្មទាំងអស់ ក្នុងមជ្ឈមណ្ឌលពាណិជ្ជ កម្មក្រុងព្រះសីហនុ (ផ្សារចិន) ក្រោយមានអ្នកឆ្លងជំងឺកូវីដ

0
10

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសម្រេចមួយ ផ្អាកអាជីវកម្មទាំងអស់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន) រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា អាជ្ញាធរខេត្តសម្រេចឲ្យអាជីវករលក់ដូរនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ (ផ្សារចិន) ទាំងអស់មានកាតព្វកិច្ចផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ដល់មន្ដ្រីសុខាភិបាល។

ក្រុមឆ្លើយតបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអាជីវករទាំងអស់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ។ ក្នុងករណីអាជីវករណាខកខានមិនបានទៅផ្ដល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្ដល់វត្ថុសំណាកនៅវេទិកា ៧មករារៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។

បន្ថែមពីនេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំអាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរជម្រាបថា ការសម្រេចផ្អាកអាជីវកម្មទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ធ្វើឡើងបន្ទាប់ពីរកឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្ដបន្ទាប់នៅតំបន់មួយនេះ។ កន្លងទៅរដ្ឋបាលខេត្តព្រះសីហនុ ក៏បានផ្អាកបណ្ដោះអាសន្ននូវអាជីវកម្មគ្រប់ប្រភេទនៅផ្សារលើ ក្រុងព្រះសីហនុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here