ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
សង្ឃឹមថា ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ បន្ទាប់ ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដកម្រិតស្រាល នៅកោះពេជ្រជាជំហានទី២។
លោក ហ៊ុន ម៉ាណែត តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារមិនទាន់មានសិទ្ធិសម្រាកឡើយ។ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលកោះពេជ្រ ដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារ បានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយកន្លែងទៀត នៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាល អ្នកជំងឺកូវីដ-១៩ ក្នុងករណីមានតម្រូវការចាំបាច់។
លោក បញ្ជាក់ថា “ខ្ញុំនិងក្រុមការងារ សង្ឃឹមថា ការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់ នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះ នឹងមិនមានតម្រូវការប្រើប្រាស់នោះទេ ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងនេះឲ្យបានឆាប់រហ័ស និងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ-១៩”។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល (៣កុំ ៣ការពារ) ក៏ដូចជា ក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៍អនុវត្ត ក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់បានឆាប់រហ័ស៕








