ភ្នំពេញ÷ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ភាគីចិនជួយជំរុញការបំពាក់ប្រព័ន្ធ Beidou GPS ចំនួន៥៥០គ្រឿង ដែលបានសន្យា ដើម្បីអាចយកជាបទពិសោធន៍ និងមានមូលដ្ឋាន ក្នុងការ ជំរុញការប្រើប្រាស់នៅកម្ពុជា ព្រមទាំងអាចប្រើប្រាស់ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននាចុងឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមក្រសួងព័ត៌មាន។
សំណើនេះ ធ្វើឡើងក្នុងឱកាសលោក ជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) និងគណៈប្រតិភូចិន តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
លោក ស៊ុន ចាន់ថុលបានឲ្យដឹងថា ក្រសួងត្រៀមលក្ខណៈជាស្រេចក្នុងការ សហការលើការជំរុញការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់ការដឹកជញ្ជូន ខណៈមិត្តចិនសម្រេចបានជោគជ័យ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប Beiduo GPS នៅទូទាំងពិភពលោក។
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់ នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២០។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ចំពោះក្រុមហ៊ុនដែលត្រៀមបើកការិយាល័យ តំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីជាមូលដ្ឋានលើការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នៅក្នុងតំបន់អាស៊ាន សំដៅធានាសុវត្ថិភាពការដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។
លោក បានឱ្យដឹងទៀតថា ក្រសួងត្រៀម លក្ខណៈជាស្រេចក្នុងការ សហការលើការ ជំរុញការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជាជាប្រយោជន៍ ដល់ការដឹកជញ្ជូន ហើយក៏គ្រោងនឹងលើកយកប្រធានបទនេះ ទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកកូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកជប៉ុន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅលើទឹកដីអង្គរដោយផ្ទាល់ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មានភាពធូរស្រាល ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ។
សូមបញ្ជាក់ថា ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍ អាចចូលរួមចំណែកក្នុងការ ស្វែងរកដំណោះស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ដោយច្បាប់ និងការតាមដានយានយន្តមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ ជាដើម។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធ BeiDou GPS នឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិនផងដែរ៕