ភ្នំពេញ៖ បន្ទាប់ពីបានស្រាវជ្រាវ ស៊ើបអង្កេតរកទីតាំងភូមិសាស្ត្រ ដែលកំពុងចរាចរ និងស្តុកទុកអាល់កុលក្លែងក្លាយបានច្បាស់លាស់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យ និងឃាត់ទុកបណ្តោះអាសន្ន អាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ១២,៣៦០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែងស្ថិតក្នុងភូមិ សាស្រ្តខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សូមជម្រាបជូនថា មេតាណុលគឺសារធាតុគីមី ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ឬសំណង់។ សារធាតុមេតាណុល មិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគកូវីដ-១៩នោះទេ មិនតែប៉ុណ្ណោះការប្រើមេតាណុលសម្រាប់លាងដៃសម្រាប់សម្លាប់មេរោគកូវីដ-១៩ អាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់សូមកុំយកសារធាតុមេតាណុលបន្លំ ជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ព្រោះសកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប៉ុណ្ណោះទេថែមទាំងប្រឈមចំពោះមុខច្បាប់ ដល់ខ្លួនថែមទៀតផង។
ជាមួយគ្នានោះសូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទាំងអស់ប្រុងប្រយ័ត្ន មុន និងទិញអាល់កុលឬជែល យកមកប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ សូមពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់៕