សម្ដេចតេជោ ហ៊ុន សែនប្រាប់អាជ្ញាធរ ថាការងារអាទិភាព គឺត្រូវសង្គ្រោះប្រជាពលរដ្ឋ ចេញផុតពីតំបន់ រងគ្រោះជាមុនសិន

0
32

ភ្នំពេញ៖ ក្នុងឱកាសសអញ្ជើញ ជួបប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង ហើយត្រូវបានជម្លៀសមកកាន់ ទីទួលសុវត្ថិភាព ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាការងារជាអាទិភាព របស់រាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់ថ្នាក់ ក្នុងពេលនេះគឺត្រូវសង្គ្រោះប្រជាពលរដ្ឋឱ្យចេញ ផុតពីតំបន់រងគ្រោះ ជាមុនសិន។

សម្ដេចក៏បានស្នើឱ្យ អាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល និង ខេត្តបន្ទាយមានជ័យ បន្តការយកចិត្តទុកដាក់ តាមដានទៅលើការវិវត្តន៍ របស់ចរន្តទឹក ដែលហូរចូលផងដែរ ។

សម្ដេចតេជោថ្លែងថា អ្វីដែលហៅថាការប្រែប្រួល អាកាសធាតុ វាលំបាកណាស់ ។ ការខូចខាតដោយ គ្រោះទឹកជំនន់ មិនទាន់បាន បូកសរុបនៅឡើយទេ ព្រោះ អាទិភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ក្នុងពេលនេះ គឺត្រូវ សង្គ្រោះប្រជាពលរដ្ឋឱ្យចេញ ផុតពីតំបន់រងគ្រោះ ជាមុនសិននេះជាបញ្ហាសំខាន់ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ ៖
-ទីមួយៈគឺជម្លៀសប្រជាជននៅតំបន់ដែលរងគ្រោះដោយទឹកជំនន់ទៅកាន់តំបន់ដែលមានសុវត្ថិភាព ។
-ទីពីរៈ បន្ទាប់ពីទឹកស្រកស្នើឱ្យ អាជ្ញាធរគ្រប់ថ្នាក់ជួយសម្រួល ដឹកជញ្ជូនប្រជាជនទៅកាន់លំនៅឋាន វិញ
-និងទីបីៈ ត្រូវយកចិត្តទុកដាក់ក្នុងការជួយផ្គត់ផ្គង់ ស្បៀងអាហារ និងជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ប្រសិនបើមាន ហើយប្រជាពលរដ្ឋក៏ត្រូវរក្សាអនាម័យ សុខភាពខ្លួនឯងផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ទាន់ពេលវេលា និងអរគុណសប្បុរសជននានា ដែលបានចូលរួម វិភាគទានជាថវិកាដែលមកដល់ពេលនេះ មានចំនួនជាង៦លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការសង្ឃឹមនិងជឿជាក់ថា ខ្មែរនិងជម្នះបាននូវឧបសគ្គ ដែលនៅចំពោះមុខ ហើយបន្តរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ -១៩ ផង រួមគ្នាប្រយុទ្ធជាមួយនឹង គ្រោះមហន្តរាយធម្មជាតិជាទឹកជំនន់ផង និងរួមគ្នា ស្ដារឡើងវិញ ប្រទេសជាតិ ក្រោយទឹកជំនន់និងក្រោយជំងឺ កូវីដ -១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here