អាជ្ញាធរហាក់គ្មានវិធានការ ខណៈព្រៃលិចទឹកក្នុងស្រុកមោងឫស្សីរាប់ពាន់ហិកតា រងការកាប់ទន្ទ្រាន ពីជនខិលខូច

0
15

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋបានសម្ដែងការខកចិត្ត ខណ:លោក ងួន រតន: អភិបាលខេត្តបាត់ដំបងហាក់គ្មានវិធានការទប់ស្កាត់និងចុះបង្រ្កាប ចំពោះជនខិលខូច ដែលបានកាប់បំផ្លាញឥតឈប់ឈរ ព្រៃលិចទឹកនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ខេត្តបាត់ដំបង រាប់ពាន់ហិកតាទាំងរដូវប្រាំង និងរដូវវស្សា។

បើតាមការលើកឡើងរបស់ ពលរដ្ឋរស់នៅជិតតំបន់ព្រៃលិចទឹក កំពុងរងការកាប់ទន្ទ្រាន ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី បានលើកឡើងថា ព្រៃលិចទឹកជាច្រើនចំណុច ត្រូវជនខិលខូចមួយចំនួន បានប្រើប្រាស់គ្រឿងចក្រ ត្រាក់ទ័រ ធ្វើការឈូសឆាយជាហូរហែរនារយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាយប់មិនថាថ្ងៃ និងបានប្រើប្រាស់សកម្មភាព បំភាន់ភ្នែកអាជ្ញាធរតាមរូបភាពផ្សេងៗ។

ពលរដ្ឋបានបន្តថា ដោយរូបភាពបំភាន់ផ្នែកនោះ គឺពួកគេបានធ្វើការឈូសឆាយភ្ជួររាស់ដីព្រៃបណ្ដើរ ហើយធ្វើការព្រោះស្រូវបណ្ដើរ ធ្វើដូចជាខ្លួនបានអាស្រ័យផលលើដីនោះជាច្រើនឆ្នាំមកហើយ ប៉ុន្តែការពិត គឺជាដីព្រៃថ្មី មិនធ្លាប់អាស្រ័យផលសោះ។

ប្រភពបានបន្ថែមថា សម្រាប់ចំណុចត្រូវជនទាំងអស់នោះ កំពុងកាប់ទន្ទ្រានជាបន្តបន្ទាប់ មាននៅបឹងកំភ្លាញក្នុង បឹងកំភ្លាញក្រៅ អូរចុងតាចាន់ ខ្ទមតូច រាងអង្ក្រង បឹងបណ្ដែតគល់ បឹងទឹកល្អក់ បឹងទឹកថ្លាជាដើម ហើយតំបន់ទាំងនោះខ្លះស្ថិតក្នុងភូមិអង្គ្រង និងខ្លះនៅភូមិដូនទ្រី។

ប្រភពដដែលបន្ថែមថា ជនខិលខូចដែលកំពុងកាប់ទន្ទ្រានដីព្រៃលិចទឹកនោះត្រូវបានគេស្គាល់ថាមានឈ្មោះ ឃឿត ជាអ្នកចាំទិញដីដែលបានឈូសឆាយរួច , ឈ្មោះ ដាង សាវ៉េត មន្ត្រីយោធាស្រុក , ឈ្មោះ សែម បូរ ប្រធានសហគមន៍ដូនទ្រី , ឈ្មោះ អ៊ី សេងហុង មន្ត្រីយោធាភូមិភាគ៥, ឈ្មោះ ម៉ូត ឌី ,ម៉ូត ស្រី, ម៉ូត ឆើត , ឈ្មោះ ចៀវ , ឈ្មោះ ឈុំ រៀន ជាប្រជាពលរដ្ឋរស់នៅភូមិដូនទ្រី និងមានមន្ត្រីសាលាស្រុកមោង មន្ត្រីប៉េអឹមស្រុក និងយោធាស្រុកមួយចំនួនទៀតផងដែរ។

តាមប្រភពពីមន្ត្រីសាលាស្រុកមោងឫស្សីបានឲ្យដឹងថាចំពោះបញ្ហាការកាប់ទន្ទ្រាននៅភូមិសាស្ត្រឃុំជ្រៃនេះ ពិតជាបានកើតឡើងមែន ដោយពេលខ្លះអាជ្ញាធរក៏ចាប់គ្រឿងចក្រ ដែលកំពុងឈូសឆាយបានជាបន្តបន្ទាប់ និងបានបញ្ជូនទៅតុលាការផងដែរ។

បើតាមរបាយការណ៍របស់ លោក ទេព ហន អភិបាលស្រុកមោងឫស្សី ផ្ញើជូនអភិបាលខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២០បានបញ្ជាក់ថា ដីព្រៃលិចទឹកក្នុងតំបន់៣ ក្នុងមូលដ្ឋានស្រុកមោងឫស្សីមានជាង២ពាន់ហិកតាត្រូវបានជនខិលខូចទន្ទ្រានកាន់។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកាលពីសប្ដាហ៍កន្លងទៅនេះលោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បញ្ហានៅមានការលួចកាប់ទន្ទ្រាននេះ ដោយសារមានភាពមិនច្បាស់លាស់ ដូចជាមានការដាំបង្គោលនៅរង្វើលឆ្ងាយៗ ខណ:ខេត្តបាត់ដំបងមានដីព្រៃលិចទឹកប្រមាណ ៤០គីឡូម៉ែត្រ ដាំបង្គោលបានតែជាង ១០០ដើម ដោយបញ្ហានេះហើយ ទើបពលរដ្ឋឆ្លៀតឱកាសកាប់ឈូសឆាយព្រៃយកដីធ្វើស្រែ។

លោកបន្តថា ចំពោះការទប់ស្កាត់នេះ សម្រាប់អាជ្ញាធរខេត្តមានអំណាច បានត្រឹមយន្តការអប់រំ និងការសម្រេចយ៉ាងណាលើក្រសួងស្ថាប័នជំនាញ ហើយបញ្ហាមួយទៀត មានករណីខ្លះដីដែលកាប់ទន្ទ្រានរួចហើយនោះ ពលរដ្ឋសុំអាស្រ័យផលបន្ត ពេលរដ្ឋត្រូវការពេលណា អាចដកហូតបានពេលនោះ។

ពាក់ព័ន្ធបញ្ហាប្រជាពលរដ្ឋសូមស្នើទៅកាន់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមេត្តាចុះពិនិត្យមើលនិងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាផងព្រោះរាល់ថ្ងៃនេះតំបន់ព្រៃលិចទឹកមួយភាគធំមានតែឈ្មោះប៉ុន្តែគ្មានរូបរាងឡើយ។

គួរបញ្ជាក់ថាការលួចកាប់ទន្ទ្រានដីកាន់កាប់ព្រៃលិចទឹកក្នុងមូលដ្ឋានខេត្តបាត់ដំបងនេះមិនមែនកើតមានតែនៅស្រុកមោងឫស្សីនោះទេ គឺកើតឡើងនៅស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here