ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ថៃបានជូនដំណឹងមកថា នឹងអាចបើកទឹកទម្លាក់មកកម្ពុជា ប៉ុន្តែស្ថានភាពមិនទាន់មានការវិវត្តអ្វីនៅឡើយទេ ហើយបើសិនជាបើកមែន ខេត្តបន្ទាយមានជ័យ នឹងត្រូវរងគ្រោះខ្លាំង ។
ក្នុងឱកាសចុះទៅពិនិត្យមើល ស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៥ តុលា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសថៃបានជូនដំណឹងមកថា អាចនឹងមានការបើកទម្លាក់ទឹកមក ក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការទម្លាក់មកទេ។ ប្រសិនបើប្រទេសថៃទម្លាក់ទឹក ខេត្តបន្ទាយមានជ័យអាចនឹងទទួលរងបន្ថែម»។
សម្តេចតេជោបន្តថា តំបន់នេះធ្លាប់មានគ្រោះទឹកជំនន់ ៤លើករួចមកហើយ។ ក្នុងនោះ លើកទី១ នៅឆ្នាំ១៩៩១, លើកទី២ នៅឆ្នាំ១៩៩៨, លើកទី៣ នៅឆ្នាំ២០០០, និងលើកទី៤ នៅឆ្នាំ២០០១។ សម្តេចបន្ថែមថា សម្រាប់គ្រោះជំនន់ទឹកភ្លៀង ឆ្នាំ២០២០ក្នុងតំបន់នេះ សំណាងជាងលើកមុនទាំងអស់ ដោយសារកម្រិតទឹកនៅទន្លេងសំខាន់ៗទាបជាង ធ្វើឲ្យទឹកជំនន់មិនចាល់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ឆ្នាំនេះសំណាងជាងឆ្នាំ២០០០។ ឆ្នាំ២០០០ ទឹកចាល់ចេញអត់រួច ដោយសារពេលនោះទឹកនៅតាមទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ គឺវាមានកម្ពស់ទឹកខ្ពស់ ប៉ុន្តែឆ្នាំនេះទឹកនៅតាមទន្លេបាសាក់ តាមទន្លេសាប មានកម្រិតទាប ដែលធ្វើឲ្យទឹកហូរចុះទៅបានយ៉ាងលឿន» ៕