ពលរដ្ឋរាប់រយនាក់នៅស្រុកកៀនស្វាយ រំសាយការតវ៉ាបិទផ្លូវជាតិលេខ១

0
8

ភ្នំពេញ៖ ក្រោមបទបញ្ជាពីលោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាលឲ្យមានសម្របសម្រួលជាមួយក្រុមប្រជាពលរដ្ឋរាប់រយនាក់ដែលតវ៉ាករណីដីធ្លីហើយបិទផ្លូវជាតិលេខ១ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ ព្រមទាំងមានការសម្របសម្រួលផងដែរពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលក្រុមប្រជាពលរដ្ឋក៍បានយល់ព្រមរំសាយការតវ៉ាបិទផ្លូវជាតិលេខ១ ត្រង់ចំណុចឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

យោងតាមស្នងការនគរបាលខេត្តកណ្ដាលបានឲ្យដឹងថាការយល់ព្រមរំសាយនេះ គេឃើញមានវត្តមានផ្ទាល់ក្នុងការសម្របសម្រួលពីសំណាក់លោកនូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល , លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធ ស្រុកកៀនស្វាយផងដែរ។

នៅក្នុងការសម្របសម្រួលនេះ ក្រុមប្រជាពលរដ្ឋបានសំដែងការយល់ស្របនឹងការសម្របសម្រួលរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ហើយយល់ព្រមចូលខ្លួនដោះស្រាយនៅសាលាស្រុកកៀនស្វាយជុំវិញបញ្ហាដីធ្លីនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ។

ទន្ទឹមនឹងការដោះស្រាយយុទ្ធសាស្ត្រឈ្នះ-ឈ្នះនេះ ក្រុមប្រជាពលរដ្ឋបានសំដែងការសប្បាយរីករាយដែលបានឃើញអាជ្ញាធរខេត្តចុះមកជួបពួកគាត់ និងយល់ព្រមទទួលយកសំណើររបស់ពួកគាត់ទៅដោះស្រាយនាថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here