ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញមុខសុំទោសប្រជាពលរដ្ឋ ទាំងអស់ ដែលផ្លូវជាតិលេខ៣ ចន្លោះពីខេត្តកំពត ទៅវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសារធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។
ក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សុំទោសបងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកប្រើប្រាស់ផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរេញ ប្រហែលជា៥៤គីឡូម៉ែត្រនេះ ដែលមានការខូចខាត ដែលយើងសង្កេតឃើញថា ធ្វើហើយខូចទៅវិញ ធ្វើមុខខូចក្រោយ ទៅក្រោយខូចមុខ»។
លោកសង្កត់ធ្ងន់ថា «ក្នុងនាមខ្ញុំ ជារដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ដ្រីក្រសួងសាធារណការទាំងអស់ សុំទោសទៅអ្នកប្រើប្រាស់ផ្លូវ ដោយសារផ្លូវនេះធ្វើមិនជាប់ និងមិនបានរឹងមាំ ខ្ញុំនឹងនិយាយម្ដងទៀតមូលហេតុផ្លូវនេះ ធ្វើមិនជាប់ (ផ្លូវកំពត-វាលរេញ) ឲ្យយើងដឹងលឺទាំងអស់គ្នាមិនមែនក្រសួងសាធារណការ គ្មានសមត្ថភាពធ្វើផ្លូវរឹងមាំទេ គឺមានហេតុផលរបស់វា»។
សូមរំលឹកថា គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ។ ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាព កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល ៥៤ខែ ចំណាយថវិកា ប្រមាណ១៥,៨៥ លានដុល្លារអាមេរិក៕