ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១០ ខែមិថុនាបានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្តាលឲ្យស្លាប់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្រសួងសូមប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មាន ដែលបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និង ទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយអត្ថបទលើកឡើងពី ប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវី-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្ស ព្រមទាំងអាចបណ្តាលឱ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៉ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាល ដែលបណ្តាប្រទេសនៅលើសកលលោក បាន និងកំពុងរងគ្រោះ ដោយការរាតត្បាតពីវីរុសកូវី-១៩»។
ក្រសួងសុខាភិបាល បញ្ជាក់ថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅតែពន្យល់ថាជំងឺកូវីដ-១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ព្យាបាលជាក់លាក់ណាមួយនោះឡើយ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមកុំបន្តចែកចាយនូវអត្ថបទព័ត៌មាន ដែលមានខ្លឹមសារដូចបានជម្រាបជូនខាងលើឱ្យសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ឱ្យបន្តការទទួលខុសត្រូវរបស់ខ្លួនលើកិច្ចការពារជំងឺដ៏កាចសាហាវនេះហើយត្រូវរៀនរស់នៅជាមួយនឹងវត្តមានវីរុសកូវីដ-១៩ ឱ្យស្របតាមរបត់នៃការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយប្រកាន់យកនូវការអនុវត្តន៍ ៣ការពារ និង៣កុំ និងនាំគ្នាស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូដ-១៩ នៅពេលដល់វេនដែលត្រូវចាក់ ឲ្យបានគ្រប់គ្នាសម្រាប់បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ៕