អភិបាលខេត្តកណ្តាល បញ្ជាឲ្យចាត់វិធាការផ្លូវច្បាប់ចំពោះម្ចាស់បែរត្រី និងផ្ទះបណ្តែតទឹកខុសច្បាប់ តាមដងទន្លេ

0
9

ភ្នំពេញ៖ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ អាជ្ញាធរស្រុកនៅតាមដងទន្លេក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវមានវិធានការអោយបានម៉ឹងម៉ាត់ ចំពោះបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនតាមវិធានការច្បាប់។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាបែបនេះក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែក នាព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២១។

ក្នុងការចុះត្រួតពិនិត្យនេះ លោកអភិបាលខេត្តបានជ្រុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធានការអោយបានតឹងរឹង តាមនិតិវិធីច្បាប់ដោយគ្មាននការយោគយល់ចំពោះបែត្រី និងផ្ទះបណ្តែតទឹកដែលខុសច្បាប់ ។
លោកអភិបាលបានបន្តថា អាជ្ញាធរស្រុកត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់បំផុត ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេឡើងវិញ សំរួលដល់ផ្លូវនាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ជៀសវៀងការខូខាត់ធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និង ប៉ះពាល់ដល់សោភ័ណ្ឌភាពតាមដងទន្លេនិងសុខភាពរបស់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកក្នុងទន្លេជាប្រចាំថ្ងៃផងដែរ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះកម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងទឹកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជាប់ទន្លេសហការជាមួយ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌចុះអនុវត្តតាមសេចក្តីណែនាំរបស់ សាលារាជធានីភ្នំពេញដែលផុតកំណត់នៃការរើបែត្រីផ្ទះចល័ត ក៏ ដូចជាសំណង់មិនរៀបរយ តាមដងទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here