ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សហការជាមួយមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ។
លទ្ធផល៖
-ខេត្តកោះកុង : មន្ត្រីជំនាញបានរកឃើញអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៣៦លីត្រ។
-ខេត្តព្រៃវែង : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៨២លីត្រ។
-ខេត្តកណ្តាល : មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
បន្ទាប់មកមន្ត្រីបានធ្វើកំណត់ហេតុដកហូតអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល)ទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី និងបានដកយកគំរូចំនួន ៣៥គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកសារធាតុមេតាណុលបន្តទៀត៕