ភ្លៀង១មេធំ បូករួមទឹកហូរធ្លាក់ពីថៃ ធ្វើឲ្យទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ហក់ឡើងខ្លាំង

0
26

ភ្នំពេញ៖ បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំ កាលពីយប់មិញ បូករួមទឹកជំនន់ហូរធ្លាក់មកពីថៃផងនោះ បានធ្វើឲ្យស្រុក-ក្រុងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ រងជន់លិច។

នៅព្រឹកថ្ងៃទី១៧ តុលានេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាល ទាហាន និងកម្លាំងកងរាជអាវុធហត្ថ រួមទាំងរាជការស៊ីវិល ចុះពិនិត្យស្ថានភាពទឹក និងចុះជួយអន្តរាគមន៍ជួយជម្លៀសពលរដ្ឋ ដែលរស់នៅតាមបណ្តោយ មាត់អូរព្រំដែនកម្ពុជា-ថៃ ភាគខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដើម្បីទៅកាន់ទីទួលសុវត្ថិភាព។

អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ទឹកហក់ឡើងជាងមុន ដែលបណ្តាលមកពីយប់មិញភ្លៀង និងមួយចំនួនជាទឹកជំនន់ហូរធ្លាក់មកពីថៃ។ ពេលនេះអាជ្ញាធរបានត្រៀមលក្ខណៈ និង ក្រុមសង្គ្រោះគ្រប់យ៉ាងក្នុងការ ជួយសង្គ្រោះពលរដ្ឋដែលលិចលង់។ គិតត្រឹមម៉ោងនេះ ពលរដ្ឋ៣សង្កាត់ រួមមានសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល សង្កាត់និមិត្ត លិចលង់៧ភូមិ ស្មើ១០៣គ្រួសារ ទឹកជម្រៅស្មើជង្គង់និងលើកំភ្លៅ គ្រួសារមួយចំនួនរួមទាំងគោក្របី ត្រូវបានជម្លៀសមកកាន់ ទីទួលសុវត្ថិភាពបណ្តើរៗហើយ។

សម្រាប់ក្រុងសិរីភ័ណ និងស្រុកមង្គលបូរី មានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អ ហ និងមេញ្ជាការកងពល៥១ មេបញ្ជាការសឹករង បាននឹងកំពុងបន្តបេសកកម្មរបស់ខ្លួន ចុះជួយអន្តរាគមន៍ជួយជម្លៀសពលរដ្ឋ ដែលកំពុងលិចលង់ និងនាំយកអំណោយជាបន្តបន្ទាប់ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here