ភ្នំពេញ៖ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៏ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ៤ បានចាប់បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងឃាតកម្ម (ប្រើអាវុធខ្លីបាញ់អតីតប្រពន្ធខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ) ស្ថិត នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផង់ សុភាព ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្រុមទី ២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ)។ (រងរបួសៈ ត្រូវ១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់) ។ ចំណែកឯជនសង្ស័យឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី ២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
វត្ថុតាងរួមមាន៖ កាំភ្លើងខ្លី១ដើមម៉ាក K54 ពណ៌ខ្មៅ ឈូសលេខ បង់១ និង៦គ្រាប់។
ប្រភពបន្តថា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង៤០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីផ្ទុះអាវុធ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កដោយជនសង្ស័យជាប្តីបានប្រើអាវុធខ្លី បាញ់ទៅអតីតប្រពន្ធ បណ្តាលឲ្យត្រូវ១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់ ហើយជនសង្ស័យរត់គេចខ្លួនបាត់។
ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៏ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ៤ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុរួចធ្វើការហុំព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះ ជនរងគ្រោះដែលជនសង្ស័យសម្ងំលាក់ខ្លួន និងធ្វើការស្វែងរកជនសង្ស័យយ៉ាងចិត្តទុកដាក់ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យនៅចំណុចអគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះហើយបន្តស្វែងរកវត្ថុតាងអាវុធខ្លីដែល ជនសង្ស័យបានបោះចោលពេលធ្វើសកម្មភាពរួច និងបានរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ រួចបាននាំជនសង្ស័យនិងវត្ថុតាង មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី៕