គយកម្ពុជា អនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈ

0
30

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ បន្ទាប់ពីបានផ្អាកនាំចូលមួយរយៈ ដោយសារតែការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅប្រទេសឥណ្ឌារួចមក។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា យោងតាមស្ថានភាពធូរស្រាល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើសាច់បង្កក នាពេលកន្លងមក រាជរដ្ឋាភិបាលបានសម្រេចលើកលែង បម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានិភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា ដោយដាក់មកជំនួសវិញនូវ វិធានការបណ្តោះអាសន្នដូចខាងក្រោម៖

១៖ តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរ មានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កក។

២៖ នៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

លិខិតដដែលបន្ថែមថា យោងតាមពេលវេលា និងការវិវត្តជាក់ស្តែង ការអនុវត្តលក្ខខណ្ឌទាំង២ ខាងលើនេះ អាចនឹងត្រូវបន្ធូរបន្ថយ ឬដកចេញទាំងស្រុង ផ្អែកលើស្ថានភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញ និងលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បើរកឃើញថា អវិជ្ជមានជាបន្តបន្ទាប់។

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចផ្អាកជាបណ្តោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយ ចំពោះសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានីភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរ នៅប្រទេសឥណ្ឌា៕

LEAVE A REPLY

Please enter your comment!
Please enter your name here