ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ

0
50

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជារឿងសំខាន់បំផុត ក្នុងនាមយើងជាខ្មែរ។ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវពាក្យស្លោកមួយឃ្លាផងដែរថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។

តាមរយៈហ្វេសប៊ុកផេកនៅថ្ងៃទី១៧ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មាន ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជា រស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួន កំពុងរងគ្រោះដោយគ្រោះទឹកជំនន់ ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាក ក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយ ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជារឿងសំខាន់បំផុត ក្នុងនាមយើងជាខ្មែរ »។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជន ទៅកាន់ទីទួលមានសុវត្ថិភាព និងកោតសរសើរ ចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកា ជាបន្តបន្ទាប់ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលបានចេញយុទ្ធនាការ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ នឹងអរគុណវិស័យឯកជន ដែលបានចូលរួមផ្ដល់ ជូនជាទឹក សម្ភារៈប្រើប្រាស់ ជាចំណីអាហារផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here