ភ្នំពេញ៖ មន្រ្តីសាខា ក.ប.ប. ខេត្តកំពត នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន៤ ទីតាំង នៅស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត។
ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់ ក៏ដូចជាតម្លៃលក់រាយ របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ៤ទីតាំងផងដែរ។
លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ៖
-ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ២ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ
-ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ២ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។
ចំពោះដេប៉ូដែលមិនមានអនុលោមភាពត្រូវបានមន្ត្រីជំនាញ ធ្វើការកិបសៀលលើដៃបាញ់ និងបន្តនីតិវិធីតាមច្បាប់ជាធរមាន៖
១.ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា
២.ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕