ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា ឆ្នាំ២០២១។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១៣ ខែកក្កដានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដាទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ។ បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មី ហើយបង្កើនឥទិ្ធពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតីក៏មានល្បឿនជាបង្គួរផងដែរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរផ្នែកខ្លះ នៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។
៣៖តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។
ជាមួយគ្នានេះក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕