នាំគ្នាដើរកាត់ទឹកហូរខ្លាំង បងស្រីត្រូវទឹកគួចយកទៅបាត់ ខណៈប្អូនស្រីត្រូវជួយសង្គ្រោះទាន់ពេល

0
64

ភ្នំពេញ៖ គួរឲ្យអាសូរ បងប្អូនស្រី ២នាក់ បាននាំគ្នាដើរកាត់ទឹកកំពុងហូរយ៉ាងខ្លាំង ក៏រអិលជើងដួលត្រូវទឹកគួចយកទៅបាត់ ខណៈដែលប្អូនស្រីត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចអូរម្កាក់ ស្ថិតភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ រួមសហការជាមួយកងកម្លាំងទាំង ៣ប្រភេទ បានបើកប្រតិបត្តិការ ចុះរាវរករហូតដល់វេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃដ៏ដែលទើបរកសពឃើញ។ កុមារីរងគ្រោះឈ្មោះ យ៉ៃ ម៉ាយ៉ា អាយុ១៣ឆ្នាំ បានលង់ទឹកស្លាប់ នៅចំណុចអូរម្កាក់ ក្នុងស្រះទឹកជាប់ និងហាងខ្សាច់មាស ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ។

មុនពេលកើតហេតុមានក្មេងស្រី ២នាក់បងប្អូនបានដើរ ពីភូមិកន្ទួត (ត្រង់ចំនុចអូរម្កាក់) រួចក៏ត្រឡប់ទៅភូមិវិញ មកដល់ចំណុចកើតហេតុខាងលើក ឃើញបងស្រីរអិលជើងដួល ហើយប្អូនស្រីក៏បានចាប់ទាញដៃ ហើយរអិលធ្លាក់ទៅក្នុងស្រះទាំង ២នាក់ ដោយប្អូនស្រីបានតោងមែកឈើជាប់ ត្រូវបានអ្នកភូមិឃើញមកជួយសង្គ្រោះ ទាន់ពេលវេលា ចំណែកបងស្រីត្រូវទឹកគួចទៅបាត់។

ក្រោយពីរកសពជនរងគ្រោះឃើញ សមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅវត្តចមសទ្ធា វាស(ហៅវត្តស្វាយចាស់) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ទន្ទឹមនឹងនោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈដែលទឹកជំនន់ មិនទាន់មានការថប ថយនៅឡើយ ពិសេសប្រុងប្រយ័ត្នចំពោះកូនចៅ មិនត្រូវបណ្តែតបណ្តោយឲ្យលេងទឹកឡើយ ក្រែងកើតមានដូចករណីខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here