ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានចុះពិនិត្យស្ថានភាពទឹកក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ដែលឃុំមួយចំនួនមានការជន់លិច ដោយបានបញ្ជាដល់កម្លាំង ចេញប្រតិបត្តការជួយ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង សហការជាមួយអាជ្ញាធរដែនដី នគរបាល កងរាជអាវុធហត្ថ ដើម្បីជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។
សូមជម្រាបជូនថា លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម បន្តតាមដាន និងពិនិត្យកម្ពស់ទឹក ឱ្យបានជាប់ជាប្រចាំប្រសិន បើទឹកឡើងដល់កម្រិតមួយត្រូវ ប្រកាសអាសន្ននោះត្រូវឆាប់ជូនដំណឹង ដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋ ទៅកាន់កន្លែងសុវត្ថិភាព ហើយត្រូវសហការ និងត្រួតពិនិត្យនូវទ្វារទឹក ដែលអាចបើកបញ្ជៀសទឹក និងជៀសវាងក្នុងការបាក់ទំនប់ ឬទឹកឡើងដល់កម្រិត។
ជាមួយគ្នានោះលោកក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្ត រក្សាអនាម័យដោយពិសារទឹកស្អាត ឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច និងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្តល់ជូន ដល់ពលរដ្ឋរងគ្រោះផងដែរ ៕